ជនសង្ស័យ ២នាក់ និងរថយន្តមួយគ្រឿង ពាក់ព័ន្ធនឹងករណីប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអលង្ការ នៅចំណុចបូរីមូនថោន ផ្ទះលេខ V1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី១-ឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ ២៧ឆ្នាំ
ទី២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ
វត្ថុតាងដែលដកហូត រួមមាន៖ គ្រឿងអលង្ការ (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ១គ្រឿង។ បច្ចុប្បន្នខាងជំនាញកំពុងដំណើរការ ធ្វើកំណត់ហេតុប្រគល់គ្រឿងអលង្ការ ជូនជនរងគ្រោះវិញ។ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មានចោរប្លន់មួយក្រុម បានចូលទៅប្លន់ក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យចំនួន ដែលក្នុងនោះ ក៏មានលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។ រីឯកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី នេះដែរ៕