បារាំង ៖ ខ្សែការពារ Sergio Ramos ទទួលបានកាតលឿង២ដង ស្មើនិងកាតក្រហមជាលើកដំបូងក្នុងនាមជាកីឡាករក្រុម PSG នៅក្នុងការប្រកួតស្មើគ្នា ១-១ ទល់នឹងក្រុម Lorient កាលពីយប់មិញនេះ។
ជំនួបសប្តាហ៍ទី១៩ ដែលធ្វើឡើងនៅឯកីឡដ្ឋាន Stade du Moustoir ក្រុមម្ចាស់ផ្ទះ Lorient បើកការនាំមុខនៅនាទី៤០ ដោយខ្សែបម្រើ Thomas Monconduit មុនពេលខ្សែប្រយុទ្ធ Mauro Icardi របស់ PSG តាមស្មើមកវិញ នៅចុងម៉ោងនាទី៩០+១។
ចំណាប់អារម្មណ៍សម្រាប់ជំនួបនេះគឺ Sergio Ramos ដែលប្តូរចូលជំនួសខ្សែការពារ Nuno Mendes ដើមតង់ទី២នាទី៤៦ ទទួលបានកាតលឿន២ដង ពោលគឺនៅនាទី៨១ នឹង ៨៦ ត្រូវអាជ្ញាកណ្តាល Jeremie Pignard ជូនកាតក្រហមលើកដំបូងក្នុងនាមជាកីឡាករ PSG ខណៈរូបគេបង្ហាញខ្លួនបានត្រឹម២ប្រកួតប៉ុណ្ណោះ ចាប់តាំងពីផ្លាស់មកពី Real Madrid ដោយគ្មានតម្លៃខ្លួន (Free Transfer) កាលពីដើមខែកក្កដា ឆ្នាំ ២០២១។
គួរបញ្ជាក់ផងដែរថា សម្រាប់អាជីពរយៈពេល១៨ឆ្នាំជាមួយក្លិប Sevilla, Real Madrid, PSG នឹងក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos ទទួលបានកាតក្រហមសរុបចំនួន២៧លើករួចមកហើយ។
(អត្ថបទពី BBC)