ដំណឹងដ៏សោកសៅបានអង្រួនពិភពបាល់ទាត់ឥណ្ឌូណេស៊ីដោយ អ្នកចាំទីឈ្មោះ Taufik Ramsyah មកពីក្លិប Tornado FC នៅលីគលំដាប់ទី៣ បានស្លាប់ បន្ទាប់ពីទទួលការវះកាត់ក្បាល ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរជាមួយកីឡាករម្នាក់ទៀត។
អ្នកចាំទីវ័យ២០ឆ្នាំរូបនេះ ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារតែបុកចំក្បាលជាមួយកីឡាករមកពីក្លិប Wahana FC កាលពីថ្ងៃសៅរ៍។
ការប៉ះទង្គិចបានកើតឡើង នៅពេលអ្នកចាំទីព្យាយាមជួយសង្គ្រោះបាល់ បុន្តែក្បាលរបស់គាត់ បានបុកជាមួយជើងរបស់កីឡាករក្លិប Wahana។
ក្រោយពេលកើតហេតុ Taufik បានសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ គាត់ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្តែជីវិតរបស់គាត់មិនអាចសង្គ្រោះបានឡើយ។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម Tornado FC ទល់នឹង Wahana FC ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤ទល់នឹង១៕
សូមទស្សនាវីដេអូ៖