កំពតៈ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារម៉ូតូអូសរម៉ក បានបុកម៉ូតូរបស់គាត់ ហើយត្រូវរថយន្តសណ្តោងមកពីក្រោយកិនបន្ថែមទៀត កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។
លោកសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថាបុរសដែលបាត់បង់ជីវិត ឈ្មោះគង់ ស៊ុននី អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
លោកអធិការបានបន្តថាក្រោយកើតហេតុអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានបើករត់គេចបាត់ភ្លាមៗ។ ចំណែកអ្នកបើកបរថយន្តបានចតរថយន្តទុកចោលចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុហើយរត់គេចខ្លួចបាត់។ រថយន្តនេះ ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៧៤២ និងកន្ទុយរ៉ឺម៉ក់ពាក់ស្លាកលេខ ព្រះសីហនុ ៤A-១៣៣១៕