ស្វីស ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអះអាងថា ការរៀបចំព្រឹត្តិការណ៍ World Cup រាល់២ឆ្នាំម្តង និងបង្កើនប្រាក់ចំណូលបានរហូតទៅដល់ ៤,៤ពាន់លានដុល្លារអាមេរិកឯណោះ ដែលចំនួននេះ ច្រើនជាងការរៀបចំ៤ឆ្នាំម្តង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២១។
FIFA បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដែលមានការចូលរួមពីសហព័ន្ធជាសមាជិកចំនួន ២០៧ ក្នុងចំណោម ២១០ កាលពីថ្ងៃទី ២០ ខែធ្នូ កន្លងទៅ ដោយលើកយកផែនការរៀបចំ World Cup រាល់២ឆ្នាំម្តង ដែលជាគំនិតផ្តួចផ្តើមរបស់លោក Arsene Wenger មកពិភាក្សា ដើម្បីជំនួសរូបមន្តចាស់៤ឆ្នាំម្តង។
ក្នុងនោះសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នឹងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប រួមជាមួយលីគកំពូលៗនៅអឺរ៉ុប បានជំទាស់និងសំណើរបស់ FIFA បើទោះបីជាសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បានគាំទ្រលើផែនការនេះយ៉ាងណាក៏ដោយ។
បច្ចុប្បន្ន លោក Gianni Infantino ក្នុងតួនាទីជាប្រធាន FIFA កំពុងស្វែងការគាំទ្រពីសំណាក់សហព័ន្ធជាសមាជិក ដើម្បីអាចសម្រេចផែនការរៀបចំ World Cup រាល់២ឆ្នាំម្តង។ ខណៈនៅក្នុងកិច្ចប្រជុំលោកបានលើកឡើងថា ការបង្កើតផែនការនេះឡើង ដើម្បីឆ្លើយតបទៅនិងការចង់បានពីអ្នកគាំទ្រវ័យក្មេង ដែលចង់បានការប្រកួត World Cup តិចជាង៤ឆ្នាំម្តង។
(ប្រភពពី CNN នឹង Sky Sports)