្រៃវែង ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្នុងស្រុកកំចាយមារ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បញ្ជាក់ថា ទោះបីអំណោយដែលបានផ្តល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារនេះ មិនអាចផ្គត់ផ្គង់ជីវភាពបានយូរអង្វែងក្តី ប៉ុន្តែជាការរួមចំណែកសម្រួលដល់ការលំបាកប្រចាំថ្ងៃមួយរយៈពេលដែរ ពិសេសក្នុងបរិបទកូវីដ-១៩ ។
ឯកឧត្តម ស សុខា ក៏បានរំលេចថា ក្រោមទស្សនៈដឹកនាំប្រកបដោយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាប់ពីដើមខែវិច្ឆិកា មក កម្ពុជាបានសម្រេចបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ពោលគឺករណីឆ្លងថ្មី និងអត្រាមរណភាព មានការថយចុះគួរឲ្យកត់សម្គាល់។
លើសពីនេះទៅទៀត ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ដែរថា ស្ថានភាពបែបនេះ ពិតជាមិនអាចកើតមាននោះឡើយ ប្រសិនបើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមានការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយទេនោះ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទូទាំងប្រទេស ។ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថានប័ន អាជ្ញាធរពាក់ព័ន្ធ រួមនឹងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានធ្វើឲ្យកម្ពុជារបស់យើង ស្ថិតក្នុងចំណោមប្រទេសដែលមានពលរដ្ឋ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពេលគឺយើងជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់ និងស្ថិតនៅក្នុងលំដាប់លេខ៥ នៅលើពិភពលោក ។
ថ្លែងបញ្ចប់ពិធីនោះ ឯកឧត្តម ស សុខា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តចំណុចមួយចំនួន ដូចខាងក្រោម ៖
ក. ចំពោះបងប្អូនប្រជាពលរដ្ឋ
១. សូមលោកយាយ លោកតា ពុកម៉ែ អ៊ំពូមាមីង បងប្អូនទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។
២. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និងជំងឺប្រចាំកាយ ព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ ពិសេសផ្តាសាយ នៅក្នុងអំឡុងពេលចុះត្រជាក់នេះ ។
៣. ត្រូវយកចិត្តទុកដាក់ថែទាំកូនចៅ ពិសេសកុមារតូចៗ ឱ្យបានល្អ និងមានសុវត្ថិភាពពីការឆ្លង នៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗទៀត ។
៤. សូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមកដល់ផ្ទះវិញ ។
៥. ត្រូវស្វែងរកកិច្ចអន្តរាគមន៍ជាបន្ទាន់ពីអាជ្ញាធរដែនដីក្នុងករណីត្រូវការជំនួយសង្គ្រោះបន្ទាន់នានា ជាចាំបាច់ ។
ខ. ចំពោះអាជ្ញាធរពាក់ព័ន្ធ
១. សូមបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍តាមរយៈវិធានការអប់រំផ្សព្វផ្សាយ និងការអនុវត្តរាល់វិធានការរដ្ឋបាល ក្នុងករណីចាំបាច់ ។
២. សូមបន្តតាមដានរាល់ស្ថានភាពជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ អោយបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា ។ មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ជាពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។
៣. សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ៕