អេស្ប៉ាញ ៖ ក្រុមអ្នកបុណ្យ Barcelona បន្តធ្វើមិនបានល្អទៀតហើយក្រោយបានត្រឹមស្មើការប្រកួតក្នុងក្របខណ្ឌ La Liga ទល់និងក្រុមសល់គ្នាត្រឹមតែ១០នាក់ Sevilla ដោយលទ្ធផលស្មើ ១-១ កាលពីយប់មិញ។
ជំនួបដែលធ្វើឡើងនៅឯកីឡដ្ឋាន Ramon Sanchez Pizjuan ម្ចាស់ផ្ទះ Sevilla បានបើកការនាំមុខនៅនាទី៣២ ដោយខ្សែប្រយុទ្ធ Papu Gómez មុនពេលក្រុមភ្ញៀវតាមស្មើមកវិញនៅនាទី៤៥ ដោយខ្សែការពារ Ronald Araújo រូបនេះ។


ជំនួបនេះ ម្ចាស់ផ្ទះបានបាត់បង់សមាជិកមួយរូប បន្ទាប់ពីខ្សែការពារ Jules Koundé ទទួលបានកាតក្រហមនៅនាទី៦៤ ក្រោយបង្កើតកំហុសយកបាល់ទៅគប់មុខខ្សែការពារ Jordi Alba។ ទោះសល់គ្នាត្រឹម១០នាក់ក៏ពិតមែន ប៉ុន្តែ Barcelona មិនអាចធ្វើអ្វីបានលើ Sevilla ឡើយដោយចប់ការប្រកួតស្មើគ្នា ១-១។


ក្នុងនាមជាក្រុមយក្សរបស់អេស្ប៉ាញ Barcelona បច្ចុប្បន្នកំពុងដុនដាបខ្លាំង ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ៨ ស្មើ ៥ និងចាញ់៥ មាន ២៨ ពិន្ទុ ឈរនៅលេខ ៧ ដោយតាមពីក្រោយក្រុមកំពូលតារាង Real Madrid រហូតដល់១៥ពិន្ទុឯណោះ។


ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹក Xavi បានថ្លែងឲ្យដឹងថា “វានិងពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ដើម្បីគេងលក់។ យើងត្រូវតែឈ្នះ ដើម្បីរំកិលខ្លួនចូលតំបន់បានទៅលេង Champions League។ ប៉ុន្តែទោះយ៉ាងណា ខ្ញុំពិតជាមានមោទកភាពចំពោះអ្នកគ្រប់គ្នាហើយ Barcelona នេះមើលទៅជាក្រុមដែលខ្ញុំចង់បាន”។
(ដកស្រង់ចេញពី Marca)