អង់គ្លេស ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានធ្លាក់ចេញពីពានរង្វាន់ UEFA Europa Conference League ត្រឹមវគ្គជម្រុះក្នុងពូលបន្ទាប់ពី UEFA បានសម្រេចថា ពួកគេជាអ្នកចាញ់ការប្រកួតចុងក្រោយទល់និងក្រុម Rennes។ បើតាមប្រភពពី BBC បានចេញផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១។
ការប្រកួតរវាងម្ចាស់ផ្ទះ Spurs នឹង Rennes កាលពីថ្ងៃទី៩ ខែធ្នូ ត្រូវបានផ្អាក បន្ទាប់ពីក្រុម Spurs មានកីឡាករ និងបុគ្គលិកដល់ទៅ១៣នាក់ ឆ្លងកូវីដ១៩។ លុះក្រោយមក UEFA បានប្រកាសថា ជំនួបនេះ មិនអាចកំណត់ពេលប្រកួតឡើងវិញបានទេ ហើយត្រូវបញ្ជូនរឿងនេះ ទៅកាន់ស្ថាប័នវិន័យរបស់ខ្លួនជាអ្នកដោះស្រាយ។ ជាលទ្ធផលចុងក្រោយ ស្ថាប័នវិន័យបានសម្រេចផ្តល់ឲ្យក្រុម Rennes ជាអ្នកឈ្នះដោយលទ្ធផល ៣-០។
តាមរយៈលទ្ធផលនេះ Rennes នៅកំពូលតារាងពូល G នឹង Vitesse នៅលេខ២ ដឹកដៃគ្នាបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈ Spurs នៅលេខ៣ នឹង Mura នៅបាតតារាងអស់ឱកាសត្រឹមនេះ។

ក្លិប Spurs បានចេញសេចក្តីថ្លែងការណ៍មួយថា “យើងមានការខកចិត្ត ចំពោះការសម្រេចចិត្តរបស់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ UEFA ដែលបដិសេធរៀបចំការប្រកួតឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងត្រូវទទួលយកសេចក្តីសម្រេចនេះ ហើយបន្តផ្តោតអារម្មណ៍លើការប្រកួតប្រជែងបន្ទាប់ដែលយើងមាន”។
គួររំលឹកផងដែរថា បន្ទាប់ពីផ្ទុះករណីឆ្លងកូវីដ១៩ Spurs បានបង្ខំចិត្តបិទកន្លែងហ្វឹកហាត់ក្រុមឈុតធំរបស់ខ្លួន ខណៈការប្រកួតនៅក្របខណ្ឌ Premier League ជាបន្តបន្ទាប់របស់ពួកគេទល់និងក្រុម Brighton នឹង Leicester ក៏ត្រូវបានពន្យារពេលផងដែរ។