រាជធានីភ្នំពេញ ៖ មកដល់ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅតែបានអះអាងថា តួលេខស្ត្រីនៅតែមានចំនួនតិចដែលបានប្រឡូកក្នុងវិស័យកីឡាគ្រប់ប្រភេទ។ គណៈកម្មការលោក បានទទូចអោយស្ត្រីចូលរួមក្នុងវិស័យកីឡាកាន់តែច្រើន ដើម្បីក្លាយជាកីឡាការិនីយ៉ាងហោចអោយបាន៣០% ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងវិស័យកីឡាទាំងមូល។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុង សិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួមសិស្សានុសិស្សជានារីជាច្រើននាក់ផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា នេះជាវគ្គសិក្សាប្រចាំមួយ ដើម្បីលើកទឹកចិត្តដល់ចលនាស្ត្រីក្នុងកីឡាឲ្យបានច្រើន ជាពិសេសគឺការផ្ទេរចំណេះដឹងទាក់ទងនិងបំណិនជីវិតឲ្យស្ត្រីមានភាពក្លាហាន និងចូលរួមក្នុងកីឡា ដោយស្ត្រីគឺជាផ្នែកសំខាន់មិនអាចខ្វះបានដូចបុរសដែរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសនីមួយៗ ជុំវិញពិភពលោក ធ្វើឲ្យមានសមភាពស្ត្រីដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិ បំផុសឲ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡា ត្រូវបង្កើនឲ្យបាន៣០% ចាប់តាំងពីឆ្នាំ២០២០មក ហើយកម្ពុជាក៏ត្រូវធ្វើការជំរុញដូចគ្នា។


លោកបន្តទៀតថា ការចូលរួមរបស់ស្ត្រី នៅក្នុងកីឡានាពេលនេះ គឺមានចំនួនទាបជាង៣០ភាគរយនៅឡើយ ដែលថ្នាក់ដឹកនាំ កំពុងធ្វើការបំផុសឲ្យមានការចូលរួមអោយបាន៣០ភាគរយយ៉ាងតិច ឬ អោយមានចំនួនដូចគ្នានឹងបុរស។ លោកថា “ដោយសារតែបច្ចុប្បន្ន ការបើកទូលាយដល់ស្ត្រីក្នុងការចូលរួមក្នុងកីឡាកាន់តែទូលំទូលាយ និងសារសំខាន់របស់ស្ត្រីក្នុងកីឡា នោះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀបចំការបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឲ្យពួគគាត់ បានស្វែងយល់ពីសិទ្ធិក្នុងការចូលរួមកីឡា។ ជាមួយគ្នានោះ ខ្ញុំបានលើកទឹកចិត្តដល់ស្ត្រី ឲ្យយល់ដឹង និងកសាងជីវិតរបស់ពួកគាត់ ឲ្យមានគុណភាព តាមរយៈវិស័យកីឡា តាមរយៈការពង្រឹងចិត្តសាស្ត្រកីឡា ដើម្បីជួយជំរុញឲ្យស្ត្រីមានភាពក្លាហាន ក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់”។
ចំពោះចំណុចសំខាន់មួយទៀត ក្នុងកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡានេះ ក៏យើងបានផ្ញើសារអំពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡានពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ជូនដល់ពួកគាត់ ដើម្បីឲ្យសិស្សានុសិស្សបានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដោយយើងបានលើកទឹកចិត្តឲ្យពួកគាត់ ចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដែលព្រឹត្តិការណ៍នេះ ត្រូវការអ្នកស្ម័គ្រចិត្តជិត១ម៉ឺននាក់ ដែលអ្នកស្ម័គ្រចិត្តចេញពីសិស្ស-និស្សិតនេះហើយ។


“ដើម្បីស្រួបទាញកម្លាំងយុវជន សិស្ស-និស្សិតចូលរួមគាំទ្រ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះកាន់តែអស្ចារ្យទៀតនោះ គឺថាយើងនឹងអាចស្នើសុំរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្យារវិស្សមកាលនៃការសិក្សា ចន្លោះការប្រកួតស៊ីហ្គេម ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីស្រូបយកការគាំទ្របន្ថែម ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង”។
មួយផ្នែកទៀតផងដែរ គឺជាការផ្តល់ឱកាសឲ្យយុវជន សិស្ស-និស្សិត បានទទួលយកនូវបទពិសោធន៍ នៃការទទួលបដិសណ្ឋារកិច្ច គាំទ្រដល់ការរៀបចំការប្រកួត មើលឃើញពីការរីកចម្រើនរបស់កីឡា ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សារបស់ពួកគាត់ផងដែរ។ ការអប់រំកាយ និងកីឡា គឺជាសមាសភាពមួយដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការអប់រំ ដោយការអប់រំរាងកាយ គឺកើតចេញជាបញ្ញា បើកាលណាកើតជាបញ្ញា គឺវាបានផ្តល់ប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់ពួកគាត់។ នេះជាប្រសាសន៍បន្ថែមរបស់លោក វ៉ាត់ ចំរើន។