ម៉ូតូធំសម្រាប់ជិះផ្សងព្រេង BMW R 1250 GS និងប្រភេទពិសេសថ្មី សម្រាប់គំរប់ខួប ៤០ឆ្នាំ BMW R 1250 GS Edition 40 Years និងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសវៀតណាមឆាប់ៗនេះហើយ ដោយអ្នកលក់រាយរបស់ក្រុមហ៊ុន BMW Motorad ក្នុងទីក្រុងហូជីមិញ។
ម៉ូតូម៉ូឌែលពិសេសថ្មីនេះមានរូបរាងខុសពីម៉ូឌែលធម្មតាត្រង់ថា វាឌីហ្សាណឡើងដោយប្រើប្រាស់ពណ៌លឿងលាយខ្មៅ ដែលធ្លាប់ប្រើនៅលើម៉ូតូ GS កាលពី ៤០ឆ្នាំមុន ហើយពណ៌នេះក៏ជាពណ៌ដែលមានលើរថយន្តរបស់តួអង្គ Bumblebee ក្នុងរឿង Transformer ផងដែរ។ សម្រាប់ម៉ូឌែលនៅទីផ្សារវៀតណាម កញ្ចក់បាំងខ្យល់ខាងមុខត្រូវបានឌីហ្សាញជាពណ៌លឿងថ្លា ហើយខុសពីទីផ្សារប្រទេសផ្សេងៗទៀត ដែលមានកញ្ចក់បាំងខ្យល់ខាងមុខពណ៌សថ្លាធម្មតាតែប៉ុណ្ណោះ។
ចំណែកឯស៊ុមចង្កៀងខាងមុខរបស់វា BMW នៅតែរក្សារូបរាងបែបមិនស៊ីមេទ្រីគ្នាដដែល ពោលគឺម្ខាងតូច ម្ខាងធំ ដែលធ្វើឲ្យ BMW BMW R 1250 GS ក្លាយទៅជាម៉ូឌែលចុងក្រោយ មានប្រើលក្ខណៈឌីហ្សាញបែបនេះ។ នៅក្នុងចង្កៀងវាប្រើប្រាស់អំពូល LED ប្រភេទ Adaptive Cornering Light ដោយអំពូលប្រភេទនេះក៏មានប្រើប្រាស់នៅលើរថយន្តកំពូលរបស់ BMW ផងដែរ។
ដោយសារម៉ូតូមួយនេះតម្រូវសម្រាប់ជិះលើគ្រប់ស្ថានភាពផ្លូវ BMW បានបំពាក់សំបកកង់ប្រភេទគ្មានពោះវៀន ទំហំ១៩អ៊ីញ 120/70 សម្រាប់កង់មុខ និង ទំហំ ១៩អ៊ីញ 170/60 សម្រាប់កង់ក្រោយ។ ធុងប្រេងរបស់វានៅលើម៉ូឌែលខួប ៤០ឆ្នាំនេះត្រូវបានលេងជាមួយនិងតែមពណ៌លឿងឆ្នូតៗ បង្ហាញពីឈ្មោះ 1250 និងប្រភេទជម្រើស Option ពិសេសលេខ719 ហើយធុងប្រេងនេះមានចំណុះទៅដល់ ២០លីត្រ ខណៈពេលដែល R 1250 GS Adventure មានទំហំធំជាងរហូតទៅដល់ ៣០លីត្រ។
សម្រាប់កុងទ័រល្បឿន និងបង្ហាញព័ត៌មានវិញ គឺជាប្រភេទឌីជីថលសុទ្ធតែម្តង ហើយប្រើប្រាស់អេក្រង់ទំហំ ៦,៥អ៊ីញ ដោយក្នុងនោះក៏មានជម្រើសនៃការបើកបរ ដូចជា Riding Mode Pro នឹង Eco សម្រាប់សន្សំសំចៃប្រេងទៀតផងដែរ។
ម៉ូតូធំសម្រាប់ជិះផ្សងព្រេង MW R 1250 GS Edition 40 Years ប្រើប្រាស់កែបវែង មានកម្ពស់ ៨៣០មីលីមែត្រពីដី ហើយប៉ូមក្រោយមានលក្ខណៈពិសេសដោយប្រើបច្ចេកវិទ្យា Electronic Dynamic ESA មានសមត្ថភាពអាចបញ្ជាឲ្យបូមរឹង ឬទន់បានអាស្រ័យទៅតាមស្ថានភាពផ្លូវដោយស្វ័យប្រវត្តិ។
ម៉ាស៊ីនម៉ូតូនៅតែជាចំណុចសំខាន់ ដោយម៉ូឌែលខួប ៤០ឆ្នាំនេះ បានប្រើប្រាស់ម៉ាស៊ីនបែប Boxer ទំហំ ៤ស៊ីឡាំង មានចំណុះ ១ ២៥៤សេសេ អាចបង្កើតកម្លាំងបានសរុបទៅដល់ ១៣៦សេះ និងកម្លាំងរមួល ១៤៣ញ៉ូតុនម៉ែត្រទៀតផងដែរ។