តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកការស៊ើបសួរលើសុំណុំរឿង ជនសង្ស័យ២នាក់ លោក ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយកខុទ្ទកាល័យ អន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ពាក់ព័ន្ធនឹងបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ បានឃាត់ខ្លួនលោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោក កែវ ណារុន នាយកខុទ្ទកាល័យ អន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា លោក ស៊ុំ សុជាតិ ពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ព្រៃលិចទឹកតំបន់ ៣ ចំណែកឯ លោក កែវ ណារុន ពាក់ពន្ធ័នឹងការកាន់កាប់ព្រៃលិចទឹក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក សុំ សុជាតិ និងលោក កែវ ណារុន ជាបុគ្គលដែលមានឈ្មោះ ប្រគល់ដីព្រៃលិចទឹក ជូនរដ្ឋវិញ ក្នុងចំណោមបុគ្គល ១៣ រូប នៅ ខេត្តកំពង់ឆ្នាំង៕