ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួនប្រាំនាក់ ជាមុខសញ្ញាធាក់ប្លន់ម៉ូតូ ពីប្រជាពលរដ្ឋ តាមដងផ្លូវ នាពេលរាត្រី និងអ្នកទទួល ផលចោរកម្ម ម្នាក់ទៀត កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីប្តីប្រពន្ធ ពីរនាក់ ម៉ាកស៊ុយ ហ្សុ៊យគី និច មួយគ្រឿង ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TZ-9210 បានសម្រេច រួចគេចខ្លួន ដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ជាប្ដីមានឈ្មោះ ស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរ ធ្វើចុងភៅ ស្នាក់នៅម្ដុំ ក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធ មានឈ្មោះ ស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការ នៅហាងមួយកន្លែង ស្នាក់នៅជា មួយគ្នា។
ក្រោយពីទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ចំនួនប្រាំនាក់ និងអ្នកទទួល ផលចោរកម្មម្នាក់ ផងដែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅផ្នែកព្រហ្ម ទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ចំណែកបក្ខពួក ដែលនៅសេសសល់ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត។