
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់ វ៉ាក់អឺរនឹងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង ស្រាប់ត្រូវភាគីម្ខាងខឹងដកកាំភ្លើងខ្លីបាញ់ចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចស្ទុបអតីតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គឺ គេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១IV-៥៦៩២ បានដឹកប្រពន្ធ និងកូន២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ស្ទុបត្រង់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GU-៩៨៩៧ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង និងបំណងបត់ទៅផ្លូវ៣៧១វិញ ក៏ស្រាប់តែវ៉ាក់អឺរគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ ។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វើឲ្យជនដៃដល់ដកកាំភ្លើងខ្លីបាញ់ទៅលើបុរសម្នាក់ទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់ ចំពោះ និងដៃ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន៕