
ភ្នំពេញៈ ជនសង្ស័យមួយក្រុម មានគ្នា បួននាក់ បានជិះម៉ូតូ ពីរគ្រឿង ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ 11Pro ពីស្ត្រីម្នាក់ ដែលកំពុងធ្វើដំណើរ លើកង់បី បានសម្រេច តែត្រូវម្ចាស់កង់បី បើកកៀរឲ្យដួល ចាប់បានម្នាក់ និងគេចខ្លួន បីនាក់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នៅជិតសាលាប៊ែលធី សាខាផ្សារដើមថ្កូវ តាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បេីតាមសម្ដីស្ត្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថាៈ មុនពេលកើតហេតុ រូបគាត់ និងកូនស្រី បានជិះកង់បីឥណ្ឌា ចេញពីម្ដុំវត្តដំបូកខ្ពស់ បំណងទៅទូរទស្សន៍ CTN ។ ខណៈធ្វើដំណើរដល់កន្លែងកេីតហេតុ ស្រាប់តែមានជនសង្ស័យ បួននាក់ ជិះម៉ូតូពីរគ្រឿង មកឆក់ទូរស័ព្ទដៃរបស់គាត់ កំពុងតែកាន់ បានសម្រេច ។ ភ្លាមនោះដែរ ម្ចាស់កង់បីឥណ្ឌា ក៏បានបន្ថែមល្បឿន ទៅកៀរម៉ូតូមួយគ្រឿងរបស់ ជនសង្ស័យ ជិះគ្នាពីរនាក់ បណ្ដាលឲ្យដួល និងមានបងប្អូនប្រជាពលរដ្ឋ ជួយផងនោះ ក៏ចាប់បានម្នាក់ ឯម្នាក់ទៀត ជិះជាមួយ បានរត់ទៅជិះម៉ូតូរបស់បក្ខពួក ពីរនាក់ទៀត គេចខ្លួនបាត់តែម្ដង។
ក្នុងករណីខាងលើនេះ ស្ត្រីរងគ្រោះ ត្រូវបានបាត់បង់ទូរស័ព្ទមួយគ្រឿង ដែលបក្ខពួក រត់ទៅរួចខ្លួននោះ យកទៅបាត់ ខណៈសមត្ថកិច្ច បានដកហូតវត្ថុតាង របស់ជនសង្ស័យ បានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរី២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-3257 ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ចាត់ការតាមនីតិវិធី ។ ដោយឡែក ស្ត្រីរងគ្រោះ និងកូនស្រី ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល ផ្សារដើមថ្កូវ។