
ពោធិ៍សាត់ៈ មនុស្សប្រុសស្រី បីនាក់ បានរងរបួសធ្ងន់ នៅក្នុងករណី គ្រោះថ្នាក់ រវាងម៉ូតូនិងម៉ូតូ បុកគ្នា នៅវេលាម៉ោងជិត ៧ ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៥ និង ១៥៦ (ចំណុចផ្លូវបំរាមមិនឲ្យធ្វើចរាចរណ៍) ស្ថិតនៅភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគបាលស្រុកក្រគរ បានឱ្យដឹងនៅកន្លែងកើតហេតុថាៈ នៅមុនពេល កើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1L-5289 បើកបរដោយឈ្មោះ ណយ វណ្ណា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បើកបរក្នុងទិសដៅពីខាងកើត ទៅខាងលិច លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹង ជាមួយម៉ូតូមួយគ្រឿង ផ្សេងទៀត ម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-0425 បើកបរដោយបុរសឈ្មោះ ម៉ម ប៊ុនសៀរ អាយុ ៣៨ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ និងអ្នក រួមដំណើរម្នាក់ទៀត ឈ្មោះ រី សុខា អាយុ ៣៥ ឆ្នាំ ត្រូវជាប្រពន្ធ រង របួស ធ្ងន់ មុខរបរ ជាកម្មការនី រោងចក្រកាត់ដេរ តៃអុីហ្សុីក្រគរ ក្នុងទិសដៅច្រាសគ្នានៅលើផ្លូវកំពុង ស្ថាបនា បណ្ដាលឱ្យភាគីប្ដីប្រពន្ធ និងក្មេងប្រុស រងរបួសធ្ងន់ទាំងសងខាង។
អធិការស្ដីទី នគរបាលស្រុកក្រគរ លោកវរសេនីយ៍ទោ យូ គឹមថាវរិទ្ធ បានឲ្យដឹងថាៈ ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងបានវាស់វែងរួច ហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងបំពានលើផ្លូវបំរាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានបញ្ជូនអ្នករងរបួស ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍ សាត់។ ចំពោះវត្ថុតាងម៉ូតូទាំង ពីរគ្រឿង ត្រូវបាន សមត្ថកិច្ច នាំយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីរង់ចាំ ដោះស្រាយ តាមនីតិវិធី។