
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ពីបទកាន់កាប់អាវុធ (កាំភ្លើងខ្លី) ដោយគ្មានការអនុញ្ញាត កាលពីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ ជួល ខាងលើ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។ ចំពោះសម្ភារដកហូត រួមមានៈ -កាំភ្លើងខ្លី មួយដើម ម៉ាក P08 បង់មួយ គ្មានគ្រាប់ លេខ៥១៩២ -ដំបងដែក មួយដើម -ទូរស័ព្ទមួយគ្រឿង ម៉ាក OPPO ពណ៌ខៀវ ប្រើសុីម លេខ ០៩៦ ៥៧៩ ៣៦៣៥ -កាបូបស្ពាយមួយ ពណ៌កាហ្វេ -ម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សុ៊យគី និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 2GK-7960។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថាៈ នៅថ្ងៃ ខែ ឆ្នាំ ខាងលើ នៅពេល កម្លាំងសមត្ថកិច្ច កំពុងល្បាត ក៏បានជួបជនសង្ស័យ ខាងលើ ហើយបានហៅ ឱ្យឈប់ ដើម្បីត្រួតពិនិត្យ ស្រាប់តែជននោះ បានជិះម៉ូតូគេចរត់គេច។ បន្ទាប់មក កម្លាំងយើង ក៏ដេញតាមពីក្រោយ រហូតដល់ឃាត់ខ្លួនបាន នៅចំណុចម្តុំវត្តទួល ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ដោយមានការសង្ស័យ លើជននោះ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង សម ឫទ្ធី វាសនា ផង កម្លាំងសមត្ថកិច្ច បានទៅត្រួតពិនិត្យបន្ទប់ជួល ក៏រកឃើញកាំភ្លើងខ្លី និងវត្ថុតាង ខាងលើ។
បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌឫស្សីកែវ កំពុងធ្វើការស្រាវជ្រាវរកបទល្មើស ផ្សេងទៀត ដើម្បីដាក់បន្ទុក និងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕