ក្រុមហ៊ុនកូរ៉េ Kia បានបញ្ចេញរថយន្ត SUV កៅអី៣ជួរ គឺជាម៉ូដែល Carens ស៊េរីឆ្នាំ២០២២ ដែលការរចនាទំនើបទាន់សម័យ សក្តិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន។ មិនត្រឹមតែប៉ុណ្ណោះទេរថយន្តនេះ មានប្រវែង ៤៥៤០មម ទទឹង ១៨០០មម កម្ពស់ ១៧០០មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ២៧៨០មម ដែលវាវែងជាងស៊េរីមុនៗ។ វាស្ថិតក្នុងការឌីហ្សាញចុងក្រោយរបស់ Kia ដែលហៅថា «Opposites United» បំពាក់ចង្កៀង LED ដោយចង្កៀងខាងមុខរចនាជារាង «Crown Jewel» ធ្វើឱ្យផ្នែកខាងមុខរថយន្តនេះមើលទៅមានតែមួយក្នុងលោក ហើយផ្នែកខាងក្រោយស្រដៀងនិងម៉ូដែល Sportage ដែរ។
ផ្នែកខាងក្នុងរថយន្ត ពិតជាគួរឱ្យទាក់ទាញមែនទែន ដោយផ្ទៃតាប្លូលាតសន្ធឹងដល់ដៃទ្វាររថយន្ត ហើយនៅចំកណ្តាលគឺជាប្រព័ន្ធកម្សាន្ត touchscreen ទំហំ ១០,២៥អ៊ីញ តភ្ជាប់គ្នាជាមួយប្រព័ន្ធ Kia Connect infotainment។ ឯដៃចង្កូតវិញ មានរូបរាងបែបអនាគត ជាមួយនឹងកុងទ័រឌីជីថលហើយវាក៏ភ្ជាប់មកជាមួយប្រព័ន្ធសំឡេង Speaker Bose Premium ៨គ្រាប់ ដំបូលកញ្ចក់ SkyLight និងប្រព័ន្ធបន្សុទ្ធខ្យល់ការពារវីរុស និងបាក់តេរីហើយចំពោះការបើកបរ រថយន្តនេះមាន Modes ដូចជា Sport, Eco និង Normal។
អ្វីដែលកាន់តែពិសេសជាងណឹងទៅទៀត គឺកៅអីជួរទី២ ដែលចុចតែម្តង វានឹងបិទអូតូខ្លួនវា ងាយស្រួលដល់ការចេញចូលទៅកៅអីជួរទី៣ ហើយជួរទី២នេះ ក៏មានរន្ធសម្រាប់ដាក់កែវទឹក រន្ធ USB-C ចំនួន៥ និងវាំងនន ក៏ដូចជាមានកន្លែងផ្ទុកតូចៗសម្រាប់ដាក់ឥវ៉ាន់ផ្សេងទៀតផងដែរ។
រថយន្ត Kia Carens ឆ្នាំ២០២២ មានជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៥សេះ និងកម្លាំងរមួល ១៤៤ញ៊ូវតុនម៉ែត្រ និងជម្រើសម៉ាស៊ីនទាក់បូ ១,៤លីត្រ ផលិតបានកម្លាំង១៤០សេះ និងកម្លាំងរមួល ២៤២ញ៊ូវតុនម៉ែត្រ។ វាក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតផងដែរ ផលិតបានកម្លាំង ១១៥សេះ និងកម្លាំងរមួល ២៥០ញ៊ូវតុនម៉ែត្រ។
ប្រព័ន្ធសុវត្ថិភាពនេះដែលត្រូវបានបំពាក់លើរថយន្ត SUV នេះ រួមមាន ពោងសុវត្ថិភាពចំនួន៦, ប្រព័ន្ធជួយទប់រថយន្តមិនឱ្យរំកិលថយក្រោយពេលឡើងចំណោត, ប្រព័ន្ធហ្រ្វាំង ECS និង ABS, ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងពេលចុះចំណោត, ផ្លិតបក់អូតូពេលមានភ្លៀងធ្លាក់ និងចូលចតឡានដោយស្វ័យប្រវត្តិជាដើម។
ក្រុមហ៊ុន Kia បានដាក់លក់រថយន្តនេះជាផ្លូវការក្នុងប្រទេសឥណ្ឌាហើយ ដោយមានតម្លៃចាប់ពី១៩០០០ដុល្លារឡើងទៅ។
ប្រភព៖ carscoops ប្រែសម្រួល៖ ឡូ វុទ្ធី