
រាជធានីភ្នំពេញ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញគណនេយ្យហ្វេសប៊ុកមួយ បានបញ្ចេញនូវរឿងរ៉ាវពាក់ព័ន្ធទៅនឹងតារាសម្តែងនាង ហ៊ិន ច័ន្ទនីរ័ត្ន ដោយបានសម្ងំសោយសុខម្នាក់ឯង ដោយមិនខ្វាយខ្វល់ពីក្រុមគ្រួសារបង្កើតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រឿងរ៉ាវខាងលើនេះ មិនមែនជារឿងថ្មីឡើយ ពោលគឺកាលពីជិត១០ឆ្នាំកន្លងទៅ ហ៊ិន ច័ន្ទនីរ័ត្ន បានផ្ទុះរឿងមួយនេះម្តងរួចមកហើយ ខណៈពេលមកទល់នាពេលនេះ តារាដែលមានរូបសម្រស់ស្អាតរូបនេះ ហាក់មិនបានចេញមុខបកស្រាយឲ្យបានច្បាស់លាស់ឡើយ ដោយសារនាងបណ្តោយឲ្យរឿងនេះស្ងាប់ស្ងាត់ទៅវិញ។

គណនេយ្យហ្វេស..ប៊ុកមួយ ដែលមានឈ្មោះថា Zeii Pov បានបង្ហោះសារតាមហ្វេស..ប៊ុករបស់ខ្លួន ដោយបានភ្ជាប់ជាមួយនឹងរូបថត ហ៊ិន ច័ន្ទនីរ័ត្ន និងស្ត្រីម្នាក់ដែលទំនងជាម្តាយ..បង្កើតរបស់នាងជាមួយនឹងសារថា “ខ្ញុំមិនជឿថា រយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចជាមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិត នឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះបានទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត”។
នាងថា៖ មិនចង់បំពុល ចង់ល្បីទេ តែសូមបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថា តើម្តាយរបស់យើងគាត់ចំណាស់ប៉ុន្មានហើយ? តើគាត់អាចរស់នៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។
ដោយឡែកពាក់ព័ន្ធនឹងការបង្ហោះសារខាងលើនេះដែរ នារីដែលមានឈ្មោះ Zeii Pov ក៏បានអះអាងបន្ថែមប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា “ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាព ពោលគឺតាំងពីតារារូបនេះមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ បើគិតទៅប្រហែលជាជិត១០ឆ្នាំមកហើយ” ។
នាងបញ្ជាក់ទៀតថា៖ “មូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះ គឺមកពីបង្ហាញជីវភាពគ្រួសារកាលគ្រានោះលំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើន ទើបសម្រេចចិត្តបែបនេះ ប៉ុន្តែបច្ចុប្បន្ននេះជីវភាពគ្រួសារលែងពិបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើតវិញ ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់ហើយ”។
យ៉ាងណាជុំវិញបញ្ហាខាងលើនេះ យើងនៅមិនទាន់អាចស្វែងរកការបកស្រាយពីតារាសម្តែងនាង ហ៊ិន ច័ន្ទនីរ័ត្ន នៅឡើយទេ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះខណៈពេលកន្លងមក តារារូបនេះក៏ហាក់មិនសូវបានបញ្ចេញពីបញ្ហាគ្រួសារផ្ទាល់ខ្លួនជាសាធារណៈនោះឡើយ។ ជាការកត់សម្គាល់ផងដែរកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហូរទឹកភ្នែក និងនិយាយទាំងអួលដើមក នៅពេលដែលមានការជជីកសួរពីបញ្ហាគ្រួសារនៅក្នុងកម្មវិធីកំសាន្តនៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ អំឡុងពេលនោះ ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយទាំងទឹកភ្នែកថា ចាប់តាំងពីដើមមក នាងមានពេលគ្រប់គ្រាន់សម្រាប់ផ្តល់ភាពកក់ក្តៅសម្រាប់គ្រួសារ បើទោះបីជានាងរវល់ការងារយ៉ាងណាក៏ដោយ ប៉ុន្តែការផ្តល់ភាពកក់ក្តៅសម្រាប់គ្រួសារ គឺនាងមិនដែលចោលនោះឡើយ។
នៅពេលមានការសួរថា តើពេលណាដែលនាងគិតថាម្តាយបានលះបង់ចិត្ត លះបង់កាយខ្លាំងបំផុតសម្រាប់នាង? ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់ថា នាងបានឃើញពីការខិតខំលះបង់របស់ពួកគាត់មកលើរូបនាង បើទោះបីជាពេលខ្លះនាងគ្មានឱកាសនិយាយពាក្យអរគុណសម្រាប់ពួកគាត់ក៏ដោយ។ នាងបាននិយាយទាំងទឹកភ្នែកថា ពួកគាត់មានការទុកចិត្តនាង ទោះជានាងធ្វើអ្វីដែលជាកំហុស ក៏ពួកគាត់មិនបន្ទោសស្តីថាខ្លាំង ប៉ុន្តែនាងក៏មិនដែលសាងកំហុសធំដុំអ្វីដែលធ្វើឲ្យពួកគាត់ពិបាកនោះឡើយ ហើយពេលនេះពួកគាត់ហត់ហើយ នាងមិនចង់អោយពួកគាត់ធ្វើការទៀតឡើយ។
នាងបន្ថែមថា៖ បងប្អូនមួយចំនួនមិនដែលបានដឹងរឿងរ៉ាវរបស់នាងឡើយ ហើយនាងក៏មិនដែលបាន Post រឿងគ្រួសារតាមបណ្តាញសង្គមអ្វីឡើយ បើទោះបីជានាងបានជួបបញ្ហាជាច្រើនក៏ដោយ ក៏នាងព្យាយាមលាក់បាំងមិនបញ្ចេញអោយមហាជនបានដឹងឡើយ។ ដូច្នេះនាងសុខចិត្តលំបាកតែម្នាក់ឯង ដោយនាងមិនចង់រៀបរាប់អោយអ្នកផ្សេងដឹងឡើយ ហើយអ្វីដែលនាងចង់និយាយនាពេលនេះ គឺនាងបានឲ្យពួកគាត់រស់នៅសុខស្រួលហើយ ខណៈពេលដែលនាងក៏មិនចង់ឲ្យពួកគាត់លំបាកទៀតដែរ។