
ភ្នំពេញ ៖ យុវជនម្នាក់សម្រេចចិត្តមកលោតទឹកដើម្បីបញ្ចប់ជីវិត ព្រោះតូចចិត្តនិងម្តាយស្តីបន្ទោសបន្តិចបន្តួចសោះ តែត្រូវអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យុវជនគិតខ្លីខាងលើមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានស្ពាយកាតាប ហើយដើរពីច្បារអំពៅ ឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ ចូលទឹកដីខណ្ឌចំការមន រួចទុកកាតាបលើស្ពាន ចោល ក៏លោតពីលើស្ពានចូលទៅក្នុងទឹកតែម្ដង គាប់ជួនមានអ្នកនេសាទនៅក្បែរនោះ ក៏បានជួយស្រង់យកមកលើគោកវិញទាន់ពេល ទើបរួចផុតពីសេចក្ដីស្លាប់។
បើតាមសម្ដីយុវជនខាងលើបានប្រាប់ថា មូលហេតុដែលខ្លួនលោតទឹកដើម្បីបញ្ចប់ជីវិតនេះគឺ មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជនខាងលើទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ដើម្បីអប់រំណែនាំ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ៕