ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ជិត ៨ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ បានឃាត់ ខ្លួនជនសង្ស័យ ចំនួន ពីរនាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅមុខផ្ទះ លេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃ ទី១ ខណ្ឌបឹងកេងកង។
មន្ត្រីនគរបាល បានឱ្យដឹងថាៈ ជនសង្ស័យ ពីរនាក់ នោះមានៈ ទី១-ឈ្មោះ អុឹង សុវណ្ណ ខេមរា ហៅ មាន អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ សម្បត្ដិ បូរី ហៅ បូរី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ លក់ដូរ (យុវជនទាំងពីរនាក់នេះ មានផ្ទុកនូវសារធាតុញៀនដូចគ្នា)។
រីឯវត្ថុតាង សមត្ថកិច្ចចាប់បាន រួមមានៈ ម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX 7353 លេខតួ+លេខម៉ាសុីន E-6033181 (របស់ជនសង្ស័យ)។ ទូរស័ព្ទ មួយគ្រឿង ម៉ាក Iphone 12 pro Max ពណ៌ខៀវ លេខសុីម ០៨៨ ៥០៧៧៧៨៨ (របស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃ ខាងលើ ជារបស់ជនរងគ្រោះ ដែលសមត្ថកិច្ចយើង ចាប់យកពីជនសង្ស័យ បានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយបានការឯកភាព ពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង សាលាដំបូង រាជធានីភ្នំពេញ។
រីឯជនរងគ្រោះ មានឈ្មោះ ជា លីឃាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ២០៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មុខរបរ៖ មេការសំណង់ ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី៕