
មនុស្សរាប់រយនាក់ កំពុងជាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោករបស់ទីក្រុងហុងកុង បន្ទាប់ពីមានអគ្គិភ័យនៅថ្ងៃពុធនេះ។
កាសែត South China Morning Post បានរាយការណ៍ថា មនុស្សជាង៣០០នាក់ កំពុងជាប់នៅលើដំបូលអគារ ហើយយ៉ាងតិច៤នាក់បានរងរបួស។
អគ្គិភ័យបានឆាបឆេះនៅវេលាម៉ោង ១២ និង ៣៧ នាទីថ្ងៃត្រង់ ក្នុងបន្ទប់គ្រប់គ្រងចរន្តអគ្គិសនី មុនពេលរីករាលដាលកាន់តែធំឡើងៗ។
ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ សារព័ត៌មាន Citizen News បានរាយការណ៍ថា ចំនួនមនុស្សដែលជាប់នៅលើដំបូលមានរហូតដល់ទៅ៣៥០នាក់ ហើយមនុស្ស ១០០នាក់ផ្សេងទៀត កំពុងរង់ចាំការជួយសង្គ្រោះនៅជាន់ទី៥។
ភ្លើងឆេះនៅតែកំពុងបន្ត ហើយកម្រិតប្រកាសអាសន្នត្រូវបានបង្កើន ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមជួយសង្គ្រោះមនុស្សមួយចំនួន ដោយប្រើជណ្តើរសង្គ្រោះបន្ទាន់។
មនុស្សចំនួន១៥០នាក់ ត្រូវបានជម្លៀសចេញពីអគារកម្ពស់៣៨ជាន់មួយនេះ នៅក្នុងសង្កាត់ Causeway Bay។