កំពង់ស្ពឺៈ ផ្ទះមួយខ្នងត្រូវភ្លើងឆេះទាំងស្រុង ដោយសារយុវជន ម្នាក់ បែកថ្នាំ សុំលុយឪពុកមិនបាន ក៏ដុតកម្ទេចចោល កាលពីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ យុវជនដែលដុតផ្ទះនោះ មានឈ្មោះ អាន ផៃ អាយុ ២១ ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ត្រូវជាកូនរបស់ឈ្មោះ ជន អាន អាយុ ៥៣ ឆ្នាំ ជាឪពុក និងម្តាយឈ្មោះ សូរ សុខឡេង អាយុ ៥២ ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថាៈ យុវជនខាងលើជាមនុស្សញៀនថ្នាំ (សង្ស័យបែកថ្នាំ) បានមកសុំលុយឪពុកម្តាយ ដោយអ្នកទាំងពីរ ឲ្យកូនប្រុស ខាងលើ រង់ចាំបន្តិចសិន។ ស្រាប់តែយុវជនជាកូននោះ យកភ្លើងដុតផ្ទះ បណ្ដាលឱ្យឆេះតែម្តង។
ប្រភពបានបន្តទៀតថាៈ ក្រោយពីដុតផ្ទះរួចហើយ យុវជនសង្ស័យ នៅតែបន្តរករឿង ឪពុកម្តាយ ទើបសមត្ថកិច្ខ ឃាត់ខ្លួនតែម្តង។
ផ្ទះដែលឆេះគ្មានសល់ មានទំហំទទឹង ៦ ម៉ែត្រ និងបណ្តោយ ៨ ម៉ែត្រ ធ្វើអំពីឈើលើ បេតុងក្រោម និងឆេះស្រូវ ចំនួន ១០ បាវ និងឆេះអស់សម្ភារនៅក្នុងផ្ទះមួយចំនួន ធំទៀត។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកគងពិសី ដើម្បីបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី។