ការគេងហៀរទឹកមាត់ អាចជាទម្លាប់របស់មនុស្សមួយចំនួន។ វាមិនមែនជាបញ្ហាកម្រនោះទេ ហើយក៏មិនមែនជាបញ្ហាធ្ងន់ធ្ងរផងដែរ។ តែការដែលមានបញ្ហានេះ គឺមិនល្អប៉ុន្មាននោះទេ ព្រោះថាវាមើលទៅហាក់បីដូចជាគ្មានអនាម័យ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីដោះស្រាយបញ្ហាហៀរទឹកមាត់ នៅពេលគេងលក់ ដោយស្រួលៗងាយៗ។
១. ពិចារណាទទួលការវះកាត់
ជួនកាល វេជ្ជបណ្ឌិតប្រហែលជានឹងណែនាំឲ្យអ្នកទទួលការវះកាត់ ដើម្បីកាត់ក្រពេញចេញ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរទាក់ទងជាមួយសសៃប្រសាទដែលជាហេតុបណ្ដាលឲ្យមានការហៀរទឹកមាត់ច្រើនហួស។ ប៉ុន្តែទោះជាយ៉ាងណា វេជ្ជបណ្ឌិតណាក៏ធ្វើការណែនាំឲ្យអនុវត្តវិធីមួយចំនួនខាងលើសិន ប្រសិនមិនបានផលទើបអាចឈានដល់ការវះកាត់។
២. សម្រកទម្ងន់ចេញខ្លះ
ទម្ងន់ដែលច្រើនលើស ដើរតួនាទីយ៉ាងសំខាន់មួយក្នុងដំណើរការនៃការគេង។ មនុស្សភាគច្រើនទទួលរងបញ្ហានៃការស្ទះដង្ហើមពេលគេង ដោយសារតែទម្ងន់ច្រើនលើសរបស់ពួកគេ។ ការហៀរទឹកមាត់ និងការស្រមុក គឺអាការៈដែលនឹងកើតមានអមមកជាមួយនៅពេលអ្នកជួបប្រទះបញ្ហាស្ទះដង្ហើមពេលគេង (sleep apnea)។
៣. ផ្លាស់ប្ដូរទីតាំង ឬរបៀបនៃការគេង
ការគេងផ្ងារ គឺជាទីតាំងនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកឧស្សាហ៍គេងហៀរទឹកមាត់ ក៏ព្រោះក្នុងទឹតាំងបែបនេះទឹកមាត់ទាំងអស់ដែលផលិតដោយរាងកាយនឹងស្ថិតនៅតែក្នុងមាត់មិនអាចហៀរចេញក្រៅបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគេងផ្អៀង ឬផ្កាប់ ទឹកមាត់ដែលប្រមូលផ្ដុំក្នុងមាត់ គឺងាយនឹងហៀរចេញប្រឡាក់លើខ្នើយណាស់។