
តីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងចេញពីកន្លែងធ្វើការ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ ពីរគ្រឿងធ្វើសកម្មភាពធាក់ផ្ដួលរួចវាយប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្ដីមានឈ្មោះ ស៊ាន តុលា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធមានឈ្មោះ ស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ suzuki nex មួយគ្រឿង ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210 ចេញពីកន្លែងធ្វើការគោបំណងមកកន្លែងស្នាក់នៅ ដោយធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាក pcx មួយគ្រឿង និង suzuki nex មួយគ្រឿងដោយមិនចាំស្លាកលេខ ជិះតាមពួកគេពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ពួកគេឲ្យដួលរួចយកមួកសុវត្តិភាពវាយទៅលើពួកគេបន្ថែមទៀតបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសស្រាល ។ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាលើកយកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច។ ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះត្រូវរូបគេស្គាល់មុខទាំងអស់។
ក្រោយកើតហេតុជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបាននាំគ្នាដើររហូតមកដល់ផ្សារព្រៃទា រួចបានទំនាក់ទំនងហៅសាច់ញាតិមកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕