ភ្នំពេញ៖កម្ពុជា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បម្លែងថ្មី អូមីក្រុង ជាលើកដំបូង ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។
ករណីវិជ្ជមានកូវីដ១៩ បម្លែងថ្មី អូមីក្រុង នេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំបុក ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញទៀតថា ស្ត្រីរូបនេះមានផ្ទៃពោះចំនួន១៥សប្ដាហ៍ រួចបានធ្វើដំណើរតាមជើងយន្តហោះហើរចេញពីប្រទេសហ្គាណា អាហ្វ្រិកខាងលិច ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ ដោយនៅរង់ចាំជើងហោះហើរចំនួន១៤ម៉ោង ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។
នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្តរហ័សលើសំណាកបស់គាត់ឃើញមានវិជ្ជមានវីរុសកូវីដ១៩ ហើយក៏បានបញ្ជូនវត្ថុសំណាកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ១៩ បម្លែងថ្មីអូមីក្រុងនេះ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការការពារខ្លួនដោយហ្មត់ចត់ជាពិសេសវិធានការ ៣ការពារនិង៣កុំនិងចាក់វ៉ាក់សាំង១៩ នៅពេលដល់វេនលោកអ្នកឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមសហគមន៍របស់យើង ។
បច្ចុប្បន្ននេះ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ ។