
ភ្នំពេញ:បុរសម្នាក់បានស្លាប់ភ្លាមៗគួរឲ្យរន្ធត់និងបុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តកុងតឺន័របុកពេញទំហឹង បើកបរដោយបុរសម្នាក់ស្រវឹងស្រា បានបើកបញ្រ្ចាស់ទិសគ្នារេចង្កូតឡើងសួនមកបុកម៉ូតូទាំងកម្រោលកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ចំណុចជិតធនាគារABAក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ ។
សពជនរងគ្រោះឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្រុងភ្នំពេញ។
តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងរថយន្តកុងតឺន័រក្បាល ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A.0771បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងសួនច្បារចែកទ្រូងផ្លូវ ឆ្លងទៅចំណីផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូពណ៌ក្រហមលាយស ពាក់ស្លាក លេខភ្នំពេញ 1GQ.6422ជិះដោយបុរសពីរនាក់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចបុកពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយកិនចំក្បាលអ្នកបើកម៉ូតូធ្លាយខួរពេញផ្លូវស្លាប់គួររន្ធត់និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់។ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងស្ថាភាពស្រវឹងស្រា យកទៅប៉ុស្តិ៍ច្បារអំពៅទី២រងចំាប្រគល់ឲ្យជំនាញក្រុង។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅរក្សាទុករងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។