
បុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច បានយកកាំបិតនិងដុំថ្ម វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ហើយត្រូវសមត្ថកិច្ចស្រុកអង្គស្នួលចាប់វាយខ្នោះ។
ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សំបាត់ មករា ហៅម៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ែម សារិន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល៤ល្ងាចជនសង្ស័យបានទិញថ្នាំញៀនមួយកញ្ចប់តម្លៃបួនម៉ឺន(40000រៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្ដុំភូមិចម្ការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅប្រើប្រាស់។ រហូតដល់ម៉ោងកើតហេតុខាងលើ ទើបជនសង្ស័យបានយកថ្នាំញៀនមួយកញ្ចប់ដែលខ្លួនទិញបាននោះមកសំងំប្រើប្រាស់នៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនរួចហើយជនសង្ស័យបានចាប់ផ្ដើមមានអារម្មណ៍រវើរវាយ ហើយបានយកកាំបិតប៉័ងតោគប់ចូលទៅផ្ទះរបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានយកដុំថ្មជាច្រើនគុបសំដៅទៅលើផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យរងទទួលនូវការខូចខាត។ ពេលនោះដោយជនរងគ្រោះមានការភ័យខ្លាចក៏បានទូរស័ព្ទរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍រដ្ឋបាលក្រាំងម្កាក់។ ក្រោយពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មានក៏បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីសួរនាំបន្តតាមនីតិវិធី៕