
ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់ក្បឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ០៦x០៧ ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង មានម្ចាស់ឈ្មោះ សេង ហួរ ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរកសិករ។
ក្នុងគ្រោះអគ្គិភ័យនេះបានបំផ្លាញសម្ភារៈដូចជា ប្រាក់ចំនួន ១១,៥០០,០០០ រៀល តុឈើចំនួន ០១ គ្រែឈើចំនួន០២ និងសំលៀកបំពាក់មួយចំនួនធំ តែមិនបណ្ដាលឲ្យឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃ ឬមានអ្នករងរបួសឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ដ។