
នៅ ថ្ងៃពុធ ទី១៥ ខែធ្នូ ស្អែកនេះ វៀតណាម នឹងបើកជើងហោះហើរដំណាក់កាលទី ១ ឡើងវិញរវាងប្រទេសខ្លួន និង សហរដ្ឋអាមេរិក សិង្ហបុរី ប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងទីក្រុងតៃប៉ិនៅ តៃវ៉ាន់។
ការបើកជើងហោះហើរឡើងវិញនេះធ្វើឡើង ក្រោយអាជ្ញាធរវៀតណាម និងទីភ្នាក់ងារតំណាងនៅ បរទេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ដើម្បីធ្វើការហោះហើរជាង ៨០០ ជើងដោយដឹកពលរដ្ឋវៀតណាមជិត ២០០,០០០ នាក់មកពីប្រទេស និងដែនដីជាង ៦០ ។
ទន្ទឹមនោះវាក៏កើតឡើង ស្របពេលតម្រូវការរបស់ពលរដ្ឋវៀតណាមក្នុងការវិលត្រឡប់មកប្រទេសវិញមានកម្រិតខ្ពស់ ចំពេលមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ ហើយទិដ្ឋាការរបស់ពលករ និងនិស្សិតវៀតណាមជាច្រើនក៏បានផុតកំណត់ហើយផងដែរ ។
គួរបញ្ជាក់ថា ដំណាក់កាលទី ២ នៃការបើកជើងហោះហើរឡើងវិញនឹងចាប់ផ្តើមនៅ ខែមករាឆ្នាំក្រោយ ដោយបន្ថែមជើងហោះហើរលើផ្លូវដែលតភ្ជាប់ប្រទេសវៀតណាម និងទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ហុងកុង ប៉ារីសក្នុងប្រទេសបារាំង ទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ ទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលី និងទីក្រុងមូស្គូក្នុងប្រទេសរុស្ស៊ី ៕