
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្តLEXUS RX450hបើកបុកកង់បីឥណ្ឌាពីចំហៀងពេញទំហឹងគាបជាប់អូសជាង ១០ ម៉ែត្រ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ ១៦៧ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1I 3376 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៧ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវលេខ៤៣២ ភ្លាមនោះស្រាប់តែមានរថយន្តLEXUS RX 450H ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AP 3368 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤ ៣២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកកង់បីឥណ្ឌាចំពីចំហៀងពេញទំហឹង គាបជាប់អូសប្រហែលជាង ១០ ម៉ែត្រ បណ្តាលឱ្យម្ចាស់កង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕