ក្រុមហ៊ុន Hyundai បានប្រកាសថា រថយន្ត Ioniq 5 ឆ្នាំ២០២២នេះ គឺមានតម្លៃចាប់ពី ៣៩ ៧០០ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។ រថយន្ត ប្រភេទនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ នៅប៉ុងខាងក្រោយ និងអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុបប្រមាណ ២២៥សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ។
ជាមួយគ្នានេះផងដែររថយន្ត Hyundai ក៏បានផ្តល់ជម្រើស Ioniq 5 ប្រើម៉ូទ័រអគ្គិសនី២ លើប៉ុងទាំងពីរ ដែលអាចបង្កើតកម្លាំងបាន ៣២០សេះ និងកម្លាំងរមួល ៦០៤ញ៉ូតុនម៉ែត្រ។ ម៉ូដែលនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើពេលមិនដល់ ៥វិនាទីឡើយ ប៉ុន្តែមានចម្ងាយបើកបរ ត្រឹមតែ ២៥៦ម៉ាយ៍ ឬ ៤១២គីឡូម៉ែត្រតែប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តម៉ូដែលនេះដែលមានឈុតក្នុងរឿង Spder-Man: No Way Home នេះ ក៏មានប្រភេទ Standard Range មួយទៀត ដែលប្រើម៉ូទ័រអគ្គិសនីមួយ និងមានចម្ងាយបើកបរ ២២០ម៉ាយ៍ ឬ ៣៥៤គីឡូម៉ែត្រ។
នៅដែលពេលអាគុយនៅសល់ត្រឹម ១០% ការសាកភ្លើងតាមរយៈដុំសាក ២៤០វ៉ុល Level 2 អាចបំពេញវាក្នុងរយៈពេល ៦ម៉ោង និង ៤៣នាទី។ លើសពីនេះទៀត វាក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែរ ដោយដុំសាកកម្លាំង ៣៥០គីឡូវ៉ាត់ អាចបំពេញអាគុយពី ១០-៨០% ប្រើពេល ១៨នាទី ឬ សាកត្រឹមតែ ៥នាទី អាចបានចម្ងាយបើកបរ ៦៨ម៉ាយ៍ ឬ ១០៩គីឡូម៉ែត្រឯណោះ។