នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ហាងលក់គ្រឿងផ្គុំ Lego នៅប្រទេសម៉ាឡេស៊ី នឹងដាក់លក់ម៉ូតូ BMW Motorrad M1000RR ប្រភេទរូបផ្គុំ Lego មានទំហំខ្នាត 1:5 នៃរូបម៉ូតូពិតក្នុងតម្លៃប្រហែលជា ២២៥ដុល្លារប៉ុណ្ណោះទេ។ ម៉ូតូប្រភេទរូបផ្គុំ Lego ខ្នាត 1:5 នេះ នឹងក្លាយជាម៉ូតូផ្គុំដែលមានទំហំធំជាងគេ ជាមួយនឹងប្រវែង ៤៥,៥ សង់ទីម៉ែត្រ និងកម្ពស់២៧,៧សង់ទីម៉ែត្រផងដែរ។
មិនខុសពីរូបផ្គុំដទៃឡើយ នៅក្នុងប្រអប់យើងនឹងទទួលបានរូបផ្គុំ Lego ជាច្រើនរយគ្រាប់ទៀត ដើម្បីផ្គុំឡើងជារូបរាងម៉ូតូ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះ គឺវាក៏មានដាក់បញ្ចូលនូវ ប្រអប់លេខ៣វគ្គ បូមមុខ បូមក្រោយ សាក់ស៊ី កង់ក្រោយ និងច្រវ៉ាក់ពណ៌ទឹកមាសផងដែរ។ ក្រៅពីនេះទៀត តាបប្លូរបស់វាក៏មានផ្តល់ជូននូវការបង្ហាញ ៣ប្រភេទសម្រាប់ឲ្យយើងងាយជ្រើសរើសទៀតផង។
ម៉ូតូផ្គុំនេះបង្កើតឡើងមកក្នុងគោលបំណងអបអរនូវត្រកូល M សម្រាប់ម៉ូតូលើកដំបូង នៅក្នុងវិស័យ M Sport របស់ BMW។
គួរបញ្ជាក់ផងដែរថា ម៉ូតូ BMW Motorrad M1000RR នេះពិត គឺជាម៉ូតូស្ព័រ ដែលមានកម្លាំងខ្លាំងដែលផ្តោតទៅលើការប្រើប្រាស់នៅលើទីលានប្រណាំង និងសម្រាប់រត់យកល្បឿន។ ជាមួយនឹងម៉ាស៊ីន ៤ស៊ីឡាំង ទំហំ ៩៩៩សេសេ ម៉ូតូនេះអាចបង្កើតកម្លាំងសរុបបានដល់ ២១២សេះ និងកម្លាំងរមួល ១១២ញ៉ូតុនម៉ែត្រ ហើយអាចរត់បានល្បឿនអតិបរមាប្រមាណ ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។