នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះ-ឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ហាមធ្វើដំណើរលើមហាវិថីឈ្នះ-ឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់ បិទបញ្ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរណ៏តាមផ្លូវជាតិលេខ៥ ត្រូវឆ្លងទៅ ផ្លូវជាតិលេខ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ ។