
ប៉ុន្មានថ្ងៃនេះមានដំណឹងជាហូរហែថាស្មាត់បាល់ទះ វ៉េត សុវណ្ណនាថ នឹងទៅរស់នៅសហរដ្ឋអា.មេរិកទាំងគ្រួសារ ចាកឆ្ងាយពីប្រពន្ធកូននៅស្រុកខ្មែរ។ ក្រោយទទួលបានដំណឹងនេះហើយ ប្រិយមិត្តដែលស្នេរហាវិស័យកីឡាបាល់ទះមួយចំនួនបានងឿងឆ្ងល់ថា តើស្មាត់ធំរូបនេះទៅរស់នៅអា.មេរិកពិតមែនឬគ្រាន់តែទៅលេង ដើម្បីបានលេងបាល់ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងចម្ងល់នេះដែរសមាជិកក្រុមដាវញីឈ្មោល បានបញ្ជាក់យ៉ាងច្បាស់ៗនៅព្រឹកនេះថាគេពិតជាទៅរស់នៅអា.មេរិកមែន មិនមែនទៅដើរលេងឬទៅលេងបាល់ទះនោះឡើយ។


កីឡាកររហស្សនាមប្ដូរចង្កេះលើអាកាស បានបញ្ជាក់បែបនេះថា៖ “ទៅ.នៅ.បង.ទៅ.នៅ! ទៅ.នៅដើម្បីអនាគតប្រពន្ធកូន អ៊ីចឹងត្រូវឆ្ងាយពីប្រពន្ធកូន ដើម្បីជោគជ័យក្នុងជីវិតបង.ទៅយើងមានការងារធ្វើបង មានបងប្អូនចាំជ្រោមជ្រែងបង គាត់ចាំយើងទៅភ្លាមមានការងារភ្លាម”។
តើឱកាសទៅរស់នៅលើទឹកដីប្រទេសមហាអំណាចអា.មេរិករបស់ វ៉េត សុវណ្ណនាថ បានដោយសារការជាប់ឆ្នោតឬមានអ្នកធានា?
អ្នកលេងបាល់ទះក្រៅប្រព័ន្ធដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ បានឆ្លើយតបនឹងសំណួរថា រូបគេមានលោកយាយម្នាក់រស់នៅសហរដ្ឋអា.មេរិក និងមានរយៈពេល១២ឆ្នាំហើយដែលលោកយាយបានធានាគេនិងសមាជិកគ្រួសារ៥នាក់ទៀត។
សុវណ្ណនាថ បានលំអិតទៀតថា៖ “អត់ជាប់ឆ្នោតទេបង! យាយខ្ញុំនៅស្រុកគេ គាត់ធានា១២ឆ្នាំហើយបង ធានាខ្ញុំប្អូនខ្ញុំ ធានា១២ឆ្នាំហើយបង ធានា៦នាក់ទាំងប៉ាខ្ញុំទាំងម៉ែខ្ញុំ និងបងប្អូនខ្ញុំពីរនាក់ទៀតទាំងអស់៦នាក់ យាយខ្ញុំអ្នកធានាបង ១២ឆ្នាំហើយ.ខ្ញុំទៅនៅអា.មេរិកហ្នឹងក្នុងរដ្ឋ Connecticut ហើយបើបងប្អូនណាចង់ជួបខ្ញុំជួបអី អាចទាក់ទងមកផេកខ្ញុំផ្ទាល់ ខ្ញុំនៅ Connecticut បង”។
កីឡាករបាល់ទះលំដាប់ជួរមុខមកពីខេត្តកណ្ដាល ក៏បង្ហើបពីគម្រោងធានាប្រពន្ធកូនទៅរស់នៅសហរដ្ឋអា.មេរិកដែរ បើសិនជាគេទទួលបានសញ្ជាតិអា.មេរិកស្របច្បាប់។ បើនិយាយពីការលេងបាល់ទះវិញ សុវណ្ណនាថនឹងឆ្លៀតលេង ហើយឡាយចែកជូនបងប្អូនប្រិយមិត្តទស្សនា ព្រោះបាល់ទះជាកីឡាដែលគេចូលចិត្តបំផុត។ គួរបញ្ជាក់ថា សុវណ្ណនាថនឹងចេញពីកម្ពុជាទៅសហរដ្ឋអា.មេរិកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។