កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ កណ្តាលអធ្រាត្រ នៅម៉ោង២១ និង១០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសង្ស័យឆ្លងចរន្តអគ្គិសនី។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យបញ្ចេញឡានទឹកទាំងនៅខេត្ត ទាំងនៅស្រុកដែលនៅជាប់ស្រុកកំពង់សៀម ព្រមទាំងកម្លាំងអន្តរាគមន៍ចុះជួយពន្លត់អគ្គិភ័យខាងលើ និងទប់ស្កាត់កុំឱ្យឆេះរាលដាលទៅផ្ទះអ្នកដទៃទៀត។
គ្រោះអគ្គិភ័យខាងលើនេះ បានបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង រួមមាន៖
-ផ្ទះទី១ ម្ចាស់ផ្ទះមានឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនមានដូចជា៖ផ្ទះ១ខ្នងមានទំហំ៧ម៉ែត្រ×១៣ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ ម៉ូតូចំនួន០៣គ្រឿង (ម៉ាកហុងដា ស៊េរីឆ្នាំ ២០១៨, ម៉ូតូសង់កូរ៉េ, ម៉ូតូហុងដាវ៉េវអាល់ហ្វា ទឹកប្រាក់ចំនួន ៣,០០០ដុល្លារ មាស៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
-ផ្ទះទី២ ម្ចាស់ផ្ទះមានឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ៦៣ឆ្នាំ (ម៉េម៉ាយ) បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនមានដូចជា៖ផ្ទះ១ខ្នង មានទំហំ ៥ម៉ែត្រ×៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ
ប្រាក់រៀលចំនួន ៩០០,០០០រៀល អង្ករចំនួន០១បេ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
-ផ្ទះទី៣ ម្ចាស់ផ្ទះមានឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង អាយុ៦៤ឆ្នាំ បណ្ដាលឱ្យរងរបួស និងខូចខាតសម្ភារមានដូចជា៖ ផ្ទះ១ខ្នងមានទំហំ ៧ម៉ែត្រ×១៥ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា ចំនួន៣គ្រឿង សង់កូរ៉េចំនួន១គ្រឿង, ហុងដាវ៉េវអាល់ហ្វា ចំនួន១គ្រឿង)ទឹកប្រាក់ ៦,០០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕