ប្រទេសថៃ៖ ម្ចាស់ដំរីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ខណៈដែលកំពុងប្រើសត្វដំរីរបស់ខ្លួនអោយអូសឈើ ក្នុងចម្ការកៅស៊ូ ស្រាប់តែដំរីនោះចុះប្រេង ធ្វើអោយវាបង្កើននូវភាពសាហាវភ្លាមៗ និងបានងាកមកជាន់សម្លាប់ម្ចាស់វាទាំងកម្រោលតែម្តង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុច ហ៊ួយក្លាង ស្ថិតក្នុងភូមិ៧ ឃុំកាទូន ស្រុកភីពូន ខេត្តនគរស៊ីថាំម៉ារ៉ាត ប្រទេសថៃ ដែលម្ចាស់ដំរីនោះ មានឈ្មោះ ម៉ានិត ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នករស់នៅខេត្ត សុរ៉ាតថានី ឯសត្វដំរីដែលគាត់ចិញ្ចឹមនោះមានឈ្មោះ ចាំបូរ អាយុ២៥ឆ្នាំ ។
នៅមុនពេលកើតហេតុ ម្ចាស់បានដឹកដំរីរបស់ខ្លួនតាមរយៈរថយន្តកង់៦ ទៅកាន់ចម្ការកៅស៊ូចាស់ៗ ដើម្បីប្រើសត្វដំរីអោយជួយអូសដើមកៅស៊ូនោះ ដូចរាល់ដង ស្រាប់តែភ្លាមៗនោះ ដំរីរបស់គាត់បានចុះប្រេង ហើយបានបញ្ចេញនូវភាពសាហាវរបស់វាដោយបានងាកមកជាន់ម្ចាស់វាស្លាប់យ៉ាងរន្ធត់ជាទីបំផុត ដោយនៅពេលនោះដែរ ដំរីបានរត់ឆ្លងពីភូមិមួយ ទៅភូមិមួយ ដែលតម្រូវអោយសមត្ថកិច្ច និងអាជ្ញាធរបណ្តេញប្រជាពលរដ្ឋ និងអ្នកដែលកំពុងធ្វើដំណើរតាមដងផ្លូវ គេចចេញពីផ្លូវជាបន្ទាន់ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត។
នៅពេលនោះ កម្លាំងអភិរក្សសត្វព្រៃ បានតាមប្រមាញ់សត្វដំរីនេះ រហូតដល់ម៉ោង៩យប់ ទើបមានឱកាសបាញ់ថ្នាំសន្លប់ទៅលើដងខ្លួនសត្វដំរីនេះបាន ដើម្បីដាក់ច្រវ៉ាក់យកទៅរក្សាវា អោយរម្ងាប់ការចុះប្រេងនេះជាធម្មតាវិញ ៕