ភ្នំពេញ ៖ ក្មេងស្ទាវចំនួនពីរក្រុម មានប្រុសមានស្រី បង្កភាពចលាចលក្នុងមូលដ្ឋាន ប្រដាប់ដោយកាំបិតបុ័ងតោ ដបស្រា ខ្សែក្រវ៉ាត់ ប្រយុទ្ធគ្នា រហូតដល់ដុតម៉ូតូឆេះខ្ទេចអស់មួយគ្រឿង រួចនាំគ្នារត់គេចខ្លួនបាត់អស់ទាំងសងខាង សមត្ថកិច្ចបានត្រឹមទៅមើលភ្នក់ភ្លើង ស្ថិតនៅតាមផ្លូវសួនច្បារអូរតែលសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុសស្រីមួយក្រុមជាង១០នាក់ នៅអង្គុយផឹកសុី នៅតាមសួនមាត់ទន្លេ ស្រាប់តែនៅវេលាម៉ោងកើតហេតុ មានក្មេងប្រុសស្រីមួយក្រុមទៀតជាង១០នាក់ ជិះម៉ូតូជាង១០គ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ ខ្សែក្រវ៉ាត់ ជិះសំដៅសម្រុកចូលទៅរក ក្រុមក្មេងកំពុងអង្គុយផឹក កើតជាហឹង្សាវាយទៅវាយមក គប់ដបស្រារព្រាត មិនដឹងថាមានគំនុំនឹងគ្នាពីពេលណា បង្កចលាចលពេញផ្លូវ អ្នកលក់ដូរតាមសួនរត់ចែកជើងគ្នា
ហើយក្នុងពេលដែលក្មេង២ក្រុមកំពុងប្រយុទ្ធគ្នា ស្រាប់តែភាគីខាងក្មេងជិះម៉ូតូ ចូលទៅអូសយកម៉ូតូ ម៉ាកហុងដាបីត មួយគ្រឿងកំពុងចតទុកចិញ្ចើមផ្លូវ ក៏អូសទៅទម្លាក់ខាងមាត់ទន្លេ ហើយដុតឆេះខ្ទេច។
ក្រោយពីដុតម៉ូតូឆេះអស់មួយគ្រឿង ក្មេងក្មេងទំនើងទាំងសងខាងនាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកតែសម្ភារៈ កាំបិត ដបស្រា ខ្សែក្រវ៉ាត់ សមត្ថកិច្ចចុះទៅបានត្រឹមពិនិត្យមើលគំនរភ្នក់ភ្លើង ៕