កំពង់ឆ្នាំងៈ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ដកហូតថ្នាំញៀន បីកញ្ចប់ និងរថយន្ត មួយគ្រឿង ផ្សេងពីគ្នា នៅក្រុងកំពង់ឆ្នាំង និងបានបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ហ៊ុលវាសនា ស្នងការរងនគបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះថាៈ ករណីទី១ បានធ្វើឡើង នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី១១ ធ្នូ ២០២១ នៅចំណុច ខាងក្រោយស៊ីម៉ាក់ ស្ថិតនៅក្នុងធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅពេលកម្លាំង ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យ១នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ១ កញ្ចប់។
ករណីទី២ សមត្ថកិច្ច បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន មួយករណីផ្សេងទៀត នៅភូមិឡទឹកត្រី សង្កាត់-ក្រុងកំពង់ឆ្នាំង រួមនឹងគ្រឿងញៀន ២ កញ្ចប់ ។
លោកស្នងការរង នគបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថាៈ ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបាន មានៈ ១.ឈ្មោះ ទ្រី អេងលាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ២.ឈ្មោះ សម្បត្តិ សាម៉ានូ ភេទប្រុស អាយុ ២៣ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ។
នៅក្នុងការបង្ក្រាបករណីគ្រឿងញៀន ទាំងពីរកន្លែង ខាងលើនេះ សមត្ថកិច្ច បានដកហូត វត្ថុតាងថ្នាំញៀន បីកញ្ចប់ ទូរសព្ទដៃពីរគ្រឿង រថយន្តមួយគ្រឿង និងឧបករណ៍វេចខ្ចប់ មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច កសាងឯសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។