
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង នៅស្នាក់ការ ស.ស.យ.ក. ខេត្ត ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យប្រទេសជាតិយើង ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។ ជាងនេះទៅទៀតត្រូវបន្តចូលរួមផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងទៀត បើទោះបីកម្ពុជាយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស បន្តរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ៕