
ភ្នំពេញ: បុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរខណ:ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៊ែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AB-០៥៥៥ បើកតាមបណ្ដោយផ្លូវលេខ ២០១១ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CJ-៩4៤៦ បើកតាមបណ្ដោយផ្លូវលេខ២០១១ ជិះគ្នាពីរនាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកចំទ្វាររថយន្តខាងមុខផ្នែកខាងស្ដាំជាប់ម៉ូតូឆ្កឹង ហើយមនុស្សទាំងពីរនាក់បោកក្បាលទៅលើកញ្ចក់រថយន្តបណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុនោះ។
ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕