
ភ្នំពេញ ៖ កំពុងហូបបាយឆានិងមីឆាឆ្ងាញ់ផង ស្ទុះរត់ចែកជេីងគ្នាព្រាត បន្ទាប់ពីមានរថយន្ត Highlander បេីកបោះពួយក្នុងល្បឿនលឿន មកដល់ផ្លូវកោង ក៏ជ្រុលទៅបុកឡេីងសួនច្បារពុះចែកផ្លូវ ខ្ទាតរថយន្តក្រឡាប់អូសទៅបុករទេះលក់បាយឆាមីឆាតាមចិញ្ចេីមផ្លូវ បណ្ដាលឲ្យសម្ភារៈលក់បាយឆា ខ្ទៀតរប៉ាត់រប៉ាយបាក់បែកខូចខាតអស់ជាច្រេីន ចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងម្ខាងលេីរទេះលក់បាយឆា បង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ថ្ងៃសុក្រទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចមុខផ្សារព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពដែលបានឃេីញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-7876 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោងផងនោះ រថយន្តមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកឡេីងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទៀតរថយន្តក្រឡាប់អូសទៅបុករទេះលក់បាយឆាមីឆាតាមចិញ្ចេីមផ្លូវ បណ្ដាលឲ្យសម្ភារៈលក់បាយឆា ខ្ទាតរប៉ាត់រប៉ាយបាក់បែកខូចខាតអស់ជាច្រេីន ចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងម្ខាងលេីរទេះលក់បាយឆា ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលទានបាយឆាមីឆាយ៉ាងឆ្ងាញ់នោះស្ទុះរត់ចែកជើងគ្នាសឹងមិនទាន់ និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡេីយ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមេីលផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនម្ចាស់រថយន្តបង្ករួមទាំងរថយន្តប្រគល់ឱ្យសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដង្កោ ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីធ្វេីការដោះស្រាយបន្តតាមជំនាញនៅពេលក្រោយ៕