
បាត់ដំបង៖ ជនសង្ស័យដែលបានប្រើប្រាស់កាំភ្លើង AK-47 (ស្វ័យបត់) បាញ់បោះទាំងយប់អស់ជាង២០គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
លោក ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានបញ្ជាក់ថា នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ បានសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅ ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ប្រើវិធីសាស្ត្រលួងលោម។
លោកអធិការបានបន្តថា ជនសង្ស័យបានប្រើកាំភ្លើង (AK47) បាញ់ឡើងទៅ លើមេឃចំនួន២១គ្រាប់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ និង០០នាទី ហើយបានរត់គេចខ្លួន និងយកទាំងអាវុធទៅ ជាមួយទៀតនោះ ត្រូវបាននាំយកទៅ សាកសួរនៅ អធិការដ្ឋាននគរបាលស្រុក ហើយក៏កំពុងរៀបចំសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញខេត្តតាមនីតិវិធីដែរ។
ជនសង្ស័យរូបនេះបានសារភាពថា នៅយប់នោះខ្លួនបានផឹកស្រាអស់ប្រហែល ៥ កំប៉ុង ហើយនៅ ពេលនោះហាក់បីដូចជាកម្រោលចូល បានស្ទុះទៅ ទាញកាំភ្លើងដែលខ្លួនលាក់ទុកយូរហើយ មកបាញ់ឡើងទៅលើចំនួន ៣ គ្រាប់ រួចក៏បានប្តូរសោកាំភ្លើងទាញកៃបានតែ២ដងប៉ុណ្ណោះ គ្រាប់ដែលមានក្នុងបង់សរុប២១គ្រាប់ បានផ្ទុះចេញទាំងអស់តែម្តង ដោយពេលភ្ញាក់ខ្លួនឡើងមានអារម្មណ៍ភ័យពេកក៏រត់គេចតែម្តង។
ទីបំផុតសមត្ថកិច្ចបានចាប់ខ្លួន ពាក់ព័ន្ធនិងការលាក់អាវុធខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ដោយសារតែកូនស្រីពៅទាក់ទងទៅខ្លួនដែលជាឪពុកអោយចេញមកសារភាព៕