
កំពង់ស្ពឺៈ បុរសពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ ករណីលួចគោ យកទៅពន្លះ យកសាច់លក់ នៅចំណុចវត្តតាំងហោង ស្ថិតក្នុងភូមិ ឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ២ នាក់នោះ មានៈ ១. ឈ្មោះ ពាំង ឈា អាយុ៣៦ឆ្នាំ និង២. ឈ្មោះ ម៉ុន វណ្ណា អាយុ៤០ឆ្នាំ បុរសទាំង ២ នាក់នេះ មានមុខរប មិនពិតប្រាកដ ហើយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យ១ ខ័ណ្ឌមានជ័យ១ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចោរកម្ម លួចសត្វគោ ពន្លះយកសាច់ ។
ប្រភពបានបន្តទៀតថាៈ គោញី ១ក្បាល សប្បុរ ស កម្ពស់ប្រហែល ១,៥០ ម៉ែត្រ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានត្រូវចោរលួច យកទៅពន្លះយកសាច់ នៅចំណុច ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោយការសាកសួរ ជនសង្ស័យទាំង ២ នាក់ បានឆ្លើយសារភាពថាៈ ខ្លួនជាម្ចាស់ ម៉ូតូកង់បីឥណ្ឌា (passapp) ត្រូវបានឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំ មានលំនៅ មិនពិតប្រាកដ ជួលឱ្យដឹកសាច់គោ ដែលគេលួច យកមកពន្លះ ហើយ
គាត់ធ្លាប់បានធ្វើសកម្មភាព ខាងលើ ចំនួន ៥ លើក នៅខេត្តកំពង់ស្ពឺ ចំនួន ៣ លើក ខេត្តកំពង់ចាម ចំនួន ១ លើក និងព្រែកតាមាក់ ខេត្តកណ្ដាល ចំនួន ១ លើក។
ចំណែកឈ្មោះ ម៉ុន វណ្ណា បានឆ្លើយសារភាពថាៈ ខ្លួនត្រូវបានឈ្មោះ ពាំង ឈា ជាអ្នកជួលឱ្យ មកជួយលើកសាច់គោ ដែលលួចយកមកពន្លះ ហើយខ្លួនធ្លាប់បាន ធ្វើសកម្មភាព ខាងលើ ចំនួន ២ លើក នៅខេត្តកំពង់ស្ពឺ។
ចំណែកវត្ថុតាងដកហូត រួមមាន ម៉ូតូកង់បីឥណ្ឌា (passapp) ចំនួនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE-1443 ពូថៅ១ កាំបិតចិតបន្លែ១ តួរឡាវីស ១ ខ្សែគោពណ៌ខ្មៅ ១ដុំ ធូបមូស ៣ ប្រអប់ បេរូបត្រី ពណ៌ខៀវ ចំនួន១៥ ថង់ប្លាស្ទិក ពណ៌ខ្មៅ ចំនួន៨ និងពណ៌ស ចំនួន៤ ដបទឹកសុទ្ធចំនួន៦ដប។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធី៕