
ស្ត្រីម្នាក់បាននាំកូនស្រីមកលោតទឹកសម្លាប់ខ្លួនប៉ុន្តែការប៉ុនប៉ងនោះមិនបានសម្រេចឡើយ ដោយត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញ ក៏ឃាត់ទាន់ពេល។
ហេតុការណ៍នោះបានបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលបានឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់រួមទាំងកូនស្រីម្នាក់ទៀតដែលមានអាយុប្រហែល៥ឆ្នាំ បានធ្វើដំណើរឡើងលើស្ពានជ្រោយចង្វាលុះដល់ពាក់កណ្ដាលស្ពានក៏បានឈប់អោបកូនយំបំណងនឹងលោតទឹកសម្លាប់ខ្លួនទាំងពីរនាក់ម្ដាយនិងកូន ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ទាន់ពេល រួចហើយនាំគ្នាលួងលោមស្ត្រីរូបនោះឲ្យចុះមកក្រោមវិញ។
បន្ទាប់ពីស្ត្រីរូបនោះសុខចិត្តលេងចង់សម្លាប់ខ្លួនហើយនោះ គាត់ក៏បានប្រាប់គេឯងថា មូលហេតុដែលគាត់ចង់លោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតជាមួយកូនស្រីនេះ ដោយសារតែគាត់មានទំនាស់ជាមួយប្តីហើយប្តីបានប្រើអំពើហិង្សាលើគាត់។ ក្រោយមកគាត់ក៏វិលត្រឡប់ទៅផ្ទះរបស់គាត់នៅម្តុំផ្សារសាំហាន់វិញតែម្ដង៕