
នារី២នាក់ជិះម៉ូតូឌុបគ្នាតាមស្ពានស្ទឹងមានជ័យត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចតែត្រូវបានបុរសម្នាក់បើកកង់បីឥណ្ឌាបុកបណ្តាលឱ្យក្រុមចោរដួលនិងដេញយកទូរស័ព្ទបានមកវិញ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ស៊េរីឆ្នាំ២០២១ ភ្នំពេញ1JB 3637ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ឡើងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង ខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1BV 4364 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡើងលើស្ពានអាកាសហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច និងងបានព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមនោះស្រាប់តែបុរសម្នាក់បើកកង់បីឥណ្ឌាឃើញដូចនេះក៏បើកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួលតែម្តង។
ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដើមទៀត ហើយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយ ភ្លាមនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃើញក៏ជិះម៉ូតូដេញតាមពីក្រោយរហូតទៅដល់ក្រោមស្ពានទើបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលើយុវជនដឹកអនឡាញហើយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។
ក្រោយកើតហេតុយុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើយកមកដាក់ទោសតាមច្បាប់៕