
សិស្សស្រី ២ នាក់ ដែលមករៀនគួរ ពេលយប់ ត្រៀមប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះ សិស្សស្រីម្នាក់ បានស្លាប់ ក្រោយពេលកើតហេតុភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសធ្ងន់នោះ នៅថ្ងៃទី៨ ខែធ្នូនេះ ក៏ស្លាប់ដែរ បើទោះបីជាខំតស៊ូនឹងរបួស ហើយគ្រូពេទ្យ ខិតខំជួយ សង្គ្រោះព្យាបាល ក៏ដោយ ដោយសាររថយន្ត បុកម៉ូតូ នាពេលកន្លងទៅនេះ។
សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ហៅផ្សារដើមគរ ស្ថិតនៅភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថាៈ សិស្សស្រីទាំង២នាក់នោះ ១.ឈ្មោះ អោម ឆៃលីន អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-0566 បន្ទាយមានជ័យ បានស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោ ភ័ណ និង២.អ្នករួមដំណើរ ឈ្មោះ ឡាម ឡាំផៃ អាយុ ១៨ ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ព.២ ខេត្តបាត់ដំបង។
នារីរងគ្រោះទាំង ២ នាក់ រស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបានមកស្នាក់នៅរៀនគួរ ថ្នាក់ទី១២ នៅវិទ្យាល័យអូរអំបិល ក្រុងសិរីសោភ័ណ។
មុនពេលកើតហេតុ យុវសិស្សទាំង ២ នាក់ បានជិះម៉ូតូចេញពីរៀនគួរ ដើម្បីត្រៀមប្រឡងបាក់ឌុប ខាងមុខ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ហើយបានកំពុងបើកម៉ូតូឆ្លងផ្លូវជាតិ ស្របពេលនោះ ក៏មានរថយន្ត ១ គ្រឿង ម៉ាកឡុចសីស 330 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ.2AP-5305 បើកបរក្នុងទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ បានបុកប៉ះម៉ូតូរបស់យុវសិស្ស កំពុងជិះឌុបគ្នា បណ្តាលឲ្យ អ្នកបើកម៉ូតូ ស្លាប់ និងអ្នករួមដំណើរ រងរបួសធ្ងន់។ អ្នកបើករថយន្តបង្កគ្រោះថ្នាក់នោះ បានបើករត់គេចខ្លួនបាត់ ។ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ក្តាប់ភិនភាគ និងលេខឡានបាន កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវ ដើម្បីចាប់អ្នកបើកបរ កសាងសំណុំរឿង តាមនីតិវិធី។ ប៉ុន្តែមកទល់ពេលនេះ ក៏មិនទាន់ចាប់បាននៅឡើយ ។
យោងតាមក្រុមគ្រួសាររបស់ជនរងគ្រោះ បានអោយដឹង នៅថ្ងៃទី៨ខែធ្នូថា មកកទល់ពេលនេះ សិស្សស្រី ឈ្មោះឡាម ឡាំផៃ បានស្លាប់ហើយ ហើយសពត្រូវហែទៅបូជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ នៅកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ។