
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក .) នៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសឈប់ទទួលពាក្យបណ្ដឹងរបស់អតិថិជន ដែលបានប្តឹង ក្រុមហ៊ុន GFX Investment ត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ ក្រោយកាលបរិច្ឆេទកំណត់ទុកនេះ អតិថិជនដែលយឺតយ៉ាវ នឹងត្រូវដាក់ពាក្យបណ្តឹងដោយផ្ទាល់ ទៅស្ថាប័នតុលាការមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ជាធរមាន ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ន.ម.ក. បានចាប់ផ្តើមប្រកាសទទួលពាក្យបណ្តឹង របស់អតិថិជនក្រុមហ៊ុន GFX Investment ចាប់តាំងពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតមក ប៉ុន្តែដល់ពេលនេះ នៅតែមានអតិថិជនក្រុមហ៊ុន GFX Investment បន្តមកដាក់ពាក្យបណ្តឹងជារឿយៗ ដោយយឺតយ៉ាវមក ន.ម.ក. ។
ការប្រកាសឈប់ទទួលពាក្យបណ្តឹងត្រឹមថ្ងៃទី១៣ ធ្នូ នេះ គឺដើម្បីពន្លឿនការដោះស្រាយបណ្តឹងជូនអ្នកដែលបានដាក់ពាក្យមករួចហើយតាំងពីថ្ងៃចាប់ផ្តើមទទួលពាក្យបណ្តឹងដំបូង តាមនីតិវិធីច្បាប់ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ ន.ម.ក. ក្រោមការដឹកនាំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន GFX International និងក្រុមហ៊ុន GFX Investment ជាក្រុមហ៊ុនពីរផ្សេងគ្នា ប៉ុន្តែត្រូវបានអតិថិជន និងសាធារណជនមួយចំនួន មានការយល់ច្រឡំថា ជាក្រុមហ៊ុនតែមួយ៕