កណ្ដាល: ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាព ជួញដូរថ្នាំញៀន ចៃដន្យ ក្រឡេកឃើញ សមត្ថកិច្ចជិះម៉ូតូល្បាត មកដល់ ក៏បោះថ្នាំញៀនចោល ប៉ុន្តែសមត្ថកិច្ច ឃើញទាន់ ក៏ក្របួចជាប់ ទាំងមនុស្ស និងថ្នាំញៀនតែម្ដង។ ករណីនេះ បានកើតឡើង នៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ឈឿន វី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យក មានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៦ កញ្ចប់ (មធ្យម៣កញ្ចប់ តូច៣កញ្ចប់, ម៉ូតូចំនួនមួយគ្រឿង ម៉ាក Honda Zoomer X កម្លាំង 110cc ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ធំ 1N-7425,ដែកកេះចំនួន០៣, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO A5s, កូនកាបូប លុយចំនួន១ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាៈ ថ្នាំញៀននេះ ពិតជារបស់ ខ្លួនប្រាកដមែន ដោយខ្លួនបានទៅទិញថ្នាំញៀន ពីជនម្នាក់នៅ ខេត្តតាកែវ ក្នុងតម្លៃ ២០០.០០០ រៀល ដើម្បីយកមកប្រើប្រាស់ និងលក់បន្ត ហើយខ្លួនបានជួញដូរថ្នាំញៀន នេះ អស់រយៈពេល ២ ខែមកហើយ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។