
ខែ.រងារបានមកដល់ហើយ ការងូតទឹកក្តៅក៏កំពុងតែមានការពេញនិយម។ តែតើអ្នកដឹងទេថា ការងូតទឹកត្រជាក់ជួយដល់ស្បែកនិងសុខភាពរបស់អ្នកជាងការងូតទឹកក្តៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍សម្រាប់សុខភាព ដែលបានមកពីការងូតទឹកត្រជាក់?
១. ល្អសម្រាប់ស្បែកនិងសរសៃសក់
ទោះបីជាការងូតទឹកក្ដៅជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងស្រួលខ្លួន ប៉ុន្តែវាអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកបានយ៉ាងងាយ ជាពិសេសនៅពេលដែលអ្នកចំណាយពេលងូតទឹកយូរៗ។ នេះក៏ព្រោះតែវាបំផ្លាញស្រទាប់ការពារនៃស្បែកបណ្ដាលឱ្យស្បែកងាយនឹងស្ងួតរលាក។ ការងូតទឹកក្ដៅក៏មិនល្អសម្រាប់សក់ផងដែរ ដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាក់ជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុង ដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរឧស្សាហ៍ងូតទឹកត្រជាក់ នៅពេលដែលអ្នកកក់សម្អាតសក់ និង លាងសម្អាតស្បែក។
២. ធ្វើឱ្យចរន្តឈាមរត់ស្រួលជាងមុន
អ្នកគួរដឹងថាទឹកត្រជាក់អាចបង្កើនលំហូរឈាមក្នុងរាងកាយ ដោយបញ្ជូនឈាមកាន់តែច្រើនទៅក្នុងសរីរាង្គចាំបាច់សំខាន់ៗ ដែលមានអត្ថប្រយោជន៍ណាស់សម្រាប់ប្រព័ន្ធសសៃឈាមបេះដូង និងអាចជួយបញ្ចុះសម្ពាធឈាម ទប់ស្កាត់ការឡើងរឹងនៃសសៃឈាម និងការលេចឡើងនូវសសៃវ៉ែន។
៣. ជួយបង្រួមរន្ធញើសលើស្បែក
ខណៈដែលទឹកក្ដៅអាចជម្រះជាតិប្រេងធម្មជាតិដែលការពារស្បែក ទឹកត្រជាក់នឹងជួយបង្រួមរន្ធញើសរបស់អ្នក។ វាក៏ផ្ដល់ឱ្យអ្នកនូវស្បែកមុខដែលមានពន្លឺភ្លឺជាងមុនផងដែរ។ នេះក៏ព្រោះតែទឹកត្រជាក់អាចនាំឱ្យសសៃឈាមរួមតូច ហើយមុខនឹងមិនសូវមើលទៅហើម ឬឡើងក្រហមដូចពេលមិនទាន់មុជនោះទេ។