
សិង្ហបុរី ៖ ក្រុមបាល់ទាត់ជម្រើសជាតិ.កម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ.ម៉ាឡេស៊ី ១-៣ ក្នុងថ្ងៃបើកឆាកពូល B នៃពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លើទីលានកីឡដ្ឋាន Bisan Stadium ប្រទេសសិង្ហបុរី។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិ.ម៉ាឡេស៊ី រកបានដោយកីឡាករ Safawi Rasid តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីកីឡាករកម្ពុជាធ្វើឱ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន ។ ចូលដល់តង់ទី២នៅនាទីទី៦១ កីឡាករ Akhyar Abdul Rashid របស់ម៉ាឡេស៊ីរកបានគ្រាប់បាល់ទី២ និងកីឡាករ M. Kogileswaran Raj រកបានគ្រាប់បាល់ទី៣នៅនាទីទី៧៨ ។ ចំណែក១គ្រាប់របស់ក្រុមជម្រើសជាតិ.កម្ពុជា រកបានដោយកីឡាករបម្រុង សាត រ៉ូស៊ីប នៅនាទីទី៩០+១ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។


លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិ.ម៉ាឡេស៊ី បានហៅការឈ្នះនេះជាការចាប់ផ្ដើមជាវិជ្ជមាន ប៉ុន្តែនៅមានចំណុចមួយចំនួនដែលត្រូវដោះស្រាយ ។ ទោះបីយ៉ាងណា លោកTan Cheng Hoe និយាយថា៖”ខ្ញុំពិតជារីករាយជាមួយការប្រកួតមួយនេះ ទោះបីជាអ្នកអាចមើលឃើញថា យើងបានតស៊ូដំបូងជាមួយនឹងសន្ទុះ និងវិធីដែលយើងចង់លេង ប៉ុន្តែប្រាកដណាស់ថា យើងត្រូវតែធ្វើឱ្យប្រសើរឡើងក្នុងផ្នែកជាក់លាក់។”
ចំណែកលោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិ.កម្ពុជា បានហៅការចាញ់នេះថាជាលទ្ធផលខកចិត្តមួយ ប៉ុន្តែជាចំណុចវិជ្ជមានដែលអាចទទួលយកបាន ។ លោក Ryu Hiroseនិយាយថា៖ “វាជាការចាញ់ដ៏ខកចិត្តមួយ ប៉ុន្តែខ្ញុំគិតថា យើងលេងបានល្អ ហើយអាចរក្សាបាល់បានយ៉ាងល្អជាមួយគូប្រជែងខ្លាំងដូចជាម៉ាឡេស៊ី ។ ជាក់ស្ដែង យើងនឹងមិនចុះចាញ់ឡើយ ហើយយើងបានឃើញចំណុចល្អជាច្រើនក្នុងអំឡុងពេលការប្រកួត ដែលយើងអាចរក្សាគោលការណ៍ជាមូលដ្ឋានរបស់យើងក្នុងការរក្សាការកាន់កាប់ដែលជាអ្វីមួយដែលយើងមិនអាចធ្វើបានពីមុនមក។”
គួរឱ្យដឹងផងដែរថា សម្រាប់ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ.កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិ.ឥណ្ឌូណេស៊ី នៅវេលាម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ហើយត្រូវជួបក្រុមឡាវ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៥ ខែធ្នូ និងចុងក្រោយត្រូវជួបក្រុមវៀតណាម នៅវេលាម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លើទីលានកីឡដ្ឋានជាមួយគ្នា ៕